ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ចុះជួបសំណេះសំណាលជាមួយកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ត្បូងឃ្មុំ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី១ និងទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ និងទី២ នៅទីបញ្ជាការ នៃគណៈបញ្ជាការនគរបាលជាតិការពារព្រំដែនប្រចាំទិសភូមិភាគទី២ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ផេង ធី មេបញ្ជាការរងនគរបាលជាតិប្រចាំការអចិន្ត្រៃយ៍ទិសភូមិភាគទី២ បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ នៃកងកម្លាំងនគរបាលប្រចាំទិសភូមិភាគទី១-ទី២ និងសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែន ព្រមទាំងការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរបស់កងកម្លាំងនគរបាល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី១ និងទី២ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែននៃទិសភូមិភាគទី១ និងទី២ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមមានសុខភាពល្អបរិបូរណ៍ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ឯកភាពតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ឯក ផេង ធី ចំពោះកិច្ចសហប្រតិបត្តិការល្អក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព តាមតំបន់ព្រំដែន រវាងកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ និងទី២ ជាមួយអាជ្ញាធរ និងកម្លាំងសមត្ថិកិច្ចពាក់ព័ន្ធ ជាពិសេសមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។ ទន្ទឹមនោះ កងកម្លាំងនគរបាលការពារព្រំដែន ក៏បានចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ក៏បានណែនាំឱ្យមានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យកងជួរ សិលធម៌ វិជ្ជាជីវៈ និងគោរពបទបញ្ជាថ្នាក់ដឹកនាំ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី១ និងទី២ បានគូសបញ្ជាក់ដែរថា កងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ និងទី២ ក៏បានចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីនៅទិសភូមិភាគទី៣ ទី៤ ទី៥ ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ក៏បាននាំយកថវិកា គ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ឧបត្ថម្ភជូនកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ផងដែរ៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.