ព័ត៌មានជាតិ

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែង នៅក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនបរទេសជាង៣០០នាក់

ស្វាយរៀង ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកហែម សុវត្ថិ អគ្គស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ដូរ៉ាអង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងដោយមានការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបង្ក្រាបទីតាំងចំនួន៩ ពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ (Online Scams) ក្នុងនោះ មាន២ទីតាំង ជាកាស៊ីណូ និង៧ទីតាំង ជាប្រភេទផ្ទះល្វែង។

ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងគត់ម៉ត់បំផុតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាប្រតិបត្តិករដឹកនាំការអនុវត្តយ៉ាងយកចិត្តទុកដាក់។

ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញរកឃើញជនបរទេសសរុបចំនួន ៣១២នាក់ ស្រី៦១នាក់ មានចំនួន៥សញ្ជាតិ។ វត្ថុចាប់យក រួមមាន៖ កំព្យូទ័រលើតុ ALL IN ONE ចំនួន១៥០គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន១គ្រឿង, MONITOR ចំនួន១គ្រឿង; ទូរស័ព្ទដៃចម្រុះម៉ាក ចំនួន៥០៥គ្រឿង, រថយន្ត ចំនួន៤គ្រឿង។

យោងតាមលទ្ធផល នៃការត្រួតពិនិត្យកំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យ រកឃើញមានសកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធី ដោយមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ចំណែកជនបរទេសដទៃទៀតលួចស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីប្រទេសកម្ពុជា៕

គួរបញ្ជាក់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ នៅក្រុងបាវិត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើស Online Scams៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.