ភ្នំពេញ ៖ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធនាគារ អនុវត្តវិធានការឆែកឆេររកវត្ថុហាមឃាត់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត ទូទាំងប្រទេស។
អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្ដម ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដឹកនាំមន្ត្រីជំនាញចុះអនុវត្តប្រតិបត្តិការឆែកឆេរផ្ទាល់ នៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះមានគោលបំណងសំខាន់ក្នុងការបោសសំអាត ទប់ស្កាត់ និងដកហូតវត្ថុហាមឃាត់ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងពន្ធនាគារ ព្រមទាំងបង្ការការប្រព្រឹត្តបទល្មើសដែលអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។
ឯកឧត្ដម អគ្គនាយក បានបញ្ជាក់ថា ការអនុវត្តវិធានការឆែកឆេរត្រូវធ្វើឡើងយ៉ាងម៉ត់ចត់ និងម៉ឺងម៉ាត់ខ្ពស់បំផុត ដោយគ្របដណ្តប់លើគ្រប់ទីកន្លែងក្នុងតំបន់ឃុំឃាំង រួមមានអគារ បន្ទប់ឃុំ និងតំបន់ពាក់ព័ន្ធផ្សេងៗ ដើម្បីធានាថាមិនមានវត្ថុហាមឃាត់ណាមួយអាចលួចយកចូលសម្រាប់ប្រើប្រាស់បាន។
ជាមួយគ្នានេះ ឯកឧត្ដម ក៏បានណែនាំដល់ថ្នាក់ដឹកនាំមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស ឱ្យសហការល្អជាមួយក្រុមការងារជំនាញ ដោយធានាឱ្យប្រតិបត្តិការនេះអនុវត្តបានដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។
គួរបញ្ជាក់ថា ក្នុងថ្ងៃដូចគ្នានេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ចុះអនុវត្តប្រតិបត្តិការឆែកឆេរនៅគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់យ៉ាងតឹងរឹង៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ














