នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កៅ ខុនដារ៉ា និងឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសាលប្រជុំរបស់នាយកដ្ឋានភស្តុភារនិងសម្ភារបច្ចេកទេស (និរោធ)។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធាន-នាយការិយាល័យចូលរួមជាសមាជិកផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឯកភាពលើរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ គ្រប់លំដាប់ថ្នាក់ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារតាមភារកិច្ចរៀងៗខ្លួននាពេលកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការ ស្នើឱ្យបន្តយកចិត្តទុកដាក់ផ្គត់ផ្គង់សម្ភារ និងស្បៀងអាហារ ក៏ដូចជាប្រចាំការពិនិត្យសុខភាព និងព្យាបាលជំងឺជូនដល់កងកម្លាំងជួរមុខការពារតាមបន្ទាត់ព្រំដែន។
ជាកិច្ចបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្នើឱ្យបន្តនូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ក៏ដូចជាគោរពវិន័យកងកម្លាំងនគរបាលជាតិឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកសម្រេចបាននូវសមិទ្ធផលជូនអង្គភាព និងក្រសួងមហាផ្ទៃ។
ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ












