ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលជួបសម្ដែងការគួរសម ជាមួយឯកឧត្តម ផាម វ៉ាន់អាន អនុលេខាបក្ស នៃគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
ក្នងឱកាសនោះដែរ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ក៏បានសម្តែងក្តីរំភើប និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃ នាំយកនូវសេចក្តីរាប់អាន និងពរជ័យដ៏មហាប្រសើរ មកកាន់ទឹកដីខេត្តពោធិ៍សាត់។ វត្តមានរបស់គណៈប្រតិភូ នាពេលនេះ មិនត្រឹមតែជាការផ្តល់កិត្តិយស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ ពីចំណងមិត្តភាពដ៏រឹងមាំ រវាងកម្ពុជា និងវៀតណាម និយាយជារួម និងរវាងខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ និយាយដោយឡែក។
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់













