កំពត៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងកំពត ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំ «វិថីអាហារ» ដើម្បីធានាឱ្យទាន់ពេលវេលានៃការបើកដំណើរការ ទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលឆាប់ៗខាងមុខ។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទឹក-អគ្គិសនី និងការរៀបចំស្តង់លក់ដូរឱ្យមានសណ្តាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានសោភ័ណភាពទាក់ទាញ និងមានផាសុខភាពសម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វិថីអាហារនេះ មិនត្រឹមតែជាកន្លែងសម្រាប់លក់ដូរអាហារចម្រុះមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងសោភណភាពទីក្រុងកំពតឱ្យកាន់តែស្រស់បំព្រង។
ប្រភព៖ រដ្ឋបាលខេត្តកំពត











