កំពង់ស្ពឺ ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តចំបក់ជើងភ្នំ ស្ថិតក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានរំលឹកឡើងថា នៅក្នុងរបបកម្ពុជាប្រធិបតេយ្យ (៣ឆ្នាំ ៨ខែ និង២០ថ្ងៃ)សមិទ្ធផលដែលមានទាំងអស់ត្រូវបានបំផ្លាញ វត្តអារាមត្រូវបានបំប្លែងជាឃ្លាំងដាក់ស្រូវ មន្ទីរឃុំឃាំងឬបំផ្លាញចោល ព្រះសង្ឃត្រូវបានបង្ខំឱ្យសឹកឬសម្លាប់ចោល។
ជាក់ស្ដែងព្រះវិហារថ្មី រួមនិងសមិទ្ធផលនានា នៅក្នុងវត្តចំបក់ជើងភ្នំដែលកសាងឡើងអស់ទឹកប្រាក់ប្រមាណជាង៥៤ម៉ឺនដុល្លាដែលបានកាត់ឬសសីមា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជាចំណងដៃចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ស្រុកភ្នំស្រួច សម្រាប់បូជា គោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៦ បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានការរីកចម្រើនឈានឡើងតាមរយៈការបង្កើតឱ្យមានឱកាសការងារដោយបង្កើតជារោងចក្រ សហគ្រាសដែលគិតមកទល់ពេលនេះខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសប្រមាណ១៥៩៩រោងចកករ សហគ្រាស និងកម្មករ កម្មការិនី ជាង៣០ម៉ឺននាក់កំពុងធ្វើការ។
ទន្ទឹមនិងការរីកចម្រើនលើវិស័យនេះ ខេត្តក៏កំពុងអំពាវនាវទៅដល់សិស្សានុសិ្សដែលទើបបញ្ចប់ការសិក្សាឬប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើគឺអាចទាក់ទងជាមួយមន្ទីរការងារខេត្តកំពង់ស្ពឺដើម្បីទទួលបានឱកាសការងារនៅតាមបណ្តារោងចក្រ សហគ្រាសក្នុងខេត្តនេះបានព្រោះបច្ចុប្បន្នយើងនៅខ្វះកម្មករ កម្មការិនីប្រមាណជាងមួយម៉ឺននាក់បន្ថែមទៀតផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ













