ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ៖ ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ

ភ្នំពេញ៖​ ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បើមិនដូច្នេះបងប្អូននឹងប្រឈមការផាកពិន័យធ្ងន់ធ្ងរហើយមានទោសទណ្ឌថែមទៀត។

 

ការលើកឡើងរបស់ ឯកឧត្ដម​ ហ៊ុន សុរិទ្ធី បានធ្វើឡើងនាព្រឹកថ្ងៃទី២៤​ ខែមីនា  ឆ្នាំ២០២៦ ខណៈដែលឯកឧត្ដមនិងឯកឧត្ដម​ ឆាយ វីរៈ អភិបាលរង​ រាជធានី​ភ្នំពេញ​ តំណាងដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញជាធិបតីភាព ក្នុងពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅស្នាក់នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ  នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ហ៊ុន សុរិទ្ធី បានលើកឡើងទៀយថា ការបង្កើតឱ្យមានពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ០៣ អនក្រ.បក ខាងលើ ជាមួយនិងការបង្កឱ្យមានការចោទជាសំណួរ ពីបងប្អូនជាម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅក្នុងរាជធានីភ្នំពេញនេះ គឺក្នុងគោលបំណងឱ្យបងប្អូនបានយល់ច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ.បក នេះជៀសវាងឱ្យបាននូវការផាកពិន័យធ្ងន់ធ្ងរនិងការមានទោសទណ្ឌ។

 

ឯកឧត្ដម​ ហ៊ុន សុរិទ្ធី បញ្ជាក់ថា៖ អនុក្រឹត្យលេខ០៣ អនក្រ.បក នេះ បើម្ចាស់ទីតាំងជួលឱ្យជនបរទេសស្នាក់នៅធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេស ហើយមានបទល្មើសកើតឡើងនោះ នឹងត្រូវផាកពិន័យចំនួន៤លានរៀល សម្រាប់ជនបរទេសម្នាក់ ចុះបើ១០ទៅ២០នាក់ ថាតើនឹងអស់លុយប៉ុន្មាន។ដូច្នេះសូមបងប្អូនជាម្ចាស់ទីតាំងស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យនេះ ជៀសវាងទទួលការផាកពិន័យធ្ងន់ធ្ងរហើយ មានទោសទណ្ឌថែមទៀត។

 

ក្នុងឱកាសនោះដែរឯកឧត្ដមឆាយ វីរៈ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបង្កើតឱ្យមានអនុក្រឹត្យលេខ០៣ អនក្រ.បក នេះឡើង គឺក្នុងគោលបំណងសម្រួល ដល់ការអនុវត្ត កិច្ចប្រតិបត្តិការរបស់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ការអញ្ជើញបងប្អូនមកស្តាប់នៅពេលនេះ គឺដើម្បីឱ្យបងប្អូនបានយល់ច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ.បកនេះ ហើយបើមានការសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ជៀសវាងឱ្យបាននូវការផាកពិន័យធ្ងន់ធ្ងរនិងការមានទោសទណ្ឌ។

 

សូមបញ្ជាក់ថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បានឱ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែស។ សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.