តាកែវ៖ ថ្លែងនៅចំពោះមុខយុវជន យុវនារីជាច្រើនរូប ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៨ឆ្នាំ២០២៦ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអំពាវនាវទៅដល់យុវជន យុវនារីខ្មែរទាំងអស់ សូមបន្តការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀត អំពីមរតកវប្បធម៌ដ៏ល្អផូរផង់ដែលបន្សល់ពីដូនតារបស់យើង ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ក្មួយៗយុវជនទាំងអស់ គឺជាអ្នកបន្តវេណដ៏មានសក្តានុពល និងជាឆ្អឹងខ្នងនៃព្រលឹងវប្បធម៌ជាតិ។ ការដែលយើងរៀបចំទិវាវប្បធម៌ជាតិក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នៅថ្ងៃនេះ គឺជាការដាស់រំលឹកថា វប្បធម៌មិនមែនជារបស់បុគ្គលណាម្នាក់ ឬគ្រាន់តែជាវត្ថុបុរាណនៅក្នុងសារមន្ទីរនោះទេ ប៉ុន្តែវប្បធម៌គឺជាដង្ហើម និងជាអត្តសញ្ញាណដែលរស់រវើកនៅក្នុងខ្លួនយើងគ្រប់ៗគ្នា។
ឯកឧត្តមបានរំលឹកថា បើទោះបីជាដូនតារបស់យើងបានបន្សល់ទុកនូវប្រាសាទបុរាណដ៏ស្កឹមស្កៃ សិល្បៈតន្ត្រី និងទំនៀមទម្លាប់ដ៏ល្អផូរផង់យ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើយុវជនជំនាន់ក្រោយមិននាំគ្នាថែរក្សា មិននាំគ្នាផ្សព្វផ្សាយទេនោះ វត្ថុទាំងនោះនឹងក្លាយជាគ្រាន់តែជាថ្ម ឬជារឿងរ៉ាវក្នុងប្រវត្តិសាស្ត្រដែលគ្មានវិញ្ញាណ។ ដូច្នេះ ក្មួយៗត្រូវចងចាំថា «ការថែរក្សាវប្បធម៌ គឺជាកាតព្វកិច្ចកូនខ្មែរគ្រប់រូប»។
ឯកឧត្តមបានជំរុញឱ្យយុវជនប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងបណ្ដាញសង្គមក្នុងដៃឱ្យមានតម្លៃ។ ក្មួយៗត្រូវក្លាយជា «អ្នកផ្សព្វផ្សាយវប្បធម៌» តាមរយៈការផលិតមាតិកាល្អៗ ជួយបង្ហាញពីសម្រស់ប្រាសាទនានាជុំវិញប្រទេសកម្ពុជា ពិសេសប្រាសាទនៅក្នុងខេត្តតាកែវរបស់យើង ដូចជា ប្រាសាទភ្នំដា ភ្នំជីសូរ ឬសិល្បៈទម្រង់ផ្សេងៗរបស់ខេត្តយើងទៅកាន់ពិភពលោក ដើម្បីឱ្យគេដឹងថា តាកែវគឺជាដែនដីអរិយធម៌។
ឯកឧត្តមបានផ្ដាំផ្ញើឱ្យយុវជនត្រូវមានស្មារតីរឹងមាំ មិនត្រូវឈ្លក់វង្វេងនឹងវប្បធម៌បរទេសរហូតបំភ្លេចចោលនូវអត្តសញ្ញាណជាតិខ្លួនឯងនោះទេ។ ការរៀនសូត្រពីបរទេសគឺជារឿងល្អ ប៉ុន្តែត្រូវចេះចម្រាញ់យកអ្វីដែលល្អមកអភិវឌ្ឍជាតិ និងត្រូវរក្សាតម្លៃនៃសីលធម៌ សេចក្ដីថ្លៃថ្នូរតាមបែបខ្មែរឱ្យបានខ្ជាប់ខ្ជួន។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជាថ្មីថា៖ «មរតកវប្បធម៌ដែលដូនតាបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារមកដល់ពេលនេះ គឺស្ថិតនៅលើដៃរបស់ក្មួយៗទាំងអស់គ្នា។ ចូររួមគ្នារក្សាឱ្យបានគង់វង្ស និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យសកលលោកបានឃើញពីភាពអស្ចារ្យនៃដួងព្រលឹងខ្មែរយើង»៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ














