ព័ត៌មានជាតិ

ឯកឧត្តម កែវ វណ្ណថន អញ្ជើញចូលរួមសន្និសីទកំពូលស្តីពី ការឆបោកជាសកលឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអន្តរជាតិទីក្រុងវីយ៉ែន ប្រទេសអូទ្រីស

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមសន្និសីទកំពូលស្តីពី ការឆបោកជាសកលឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអន្តរជាតិទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ដោយមានការចូលរួមពីប្រទេសសរុបប្រមាណ១០៥ប្រទេស អង្គការអន្តរជាតិចំនួន១៨ និងក្រុមហ៊ុនឯកជនមួយចំនួន។

សន្និសីទខាងលើ ត្រូវបានបើកជាផ្លូវការដោយមានការចូលរួមពីឯកឧត្តម John Brandolino នាយកប្រតិបត្តិស្តីទីនៃការិយាល័យអង្គការ សហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ឯកឧត្តមValdecy Urquiza អគ្គលេខាធិការINTERPOL និងឯកឧត្តម Rt Hon Lord Hanson of Flint រដ្ឋលេខាធិការក្រសួងមហាផ្ទៃចក្រភពអង់គ្លេស។

គោលបំណងចម្បងនៃសន្និសីទខាងលើ គឺដើម្បីប្តូរពីការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោក។ ក្នុងសុន្ទរកថាបើករបស់អគ្គលេខាធិការINTERPOL បានបង្ហាញឱ្យឃើញពីការកើនឡើងករណីពាក់ព័ន្ធឆបោកប្រមាណ៥៤% នៃសំណើរបស់ប្រទេសជាសមាជិក ហើយតួលេខនៃការខាតបង់ប្រាក់ដោយសារការឆបោកក្នុងឆ្នាំ២០២៥ មានរហូតដល់ប្រមាណ៤៤២ពាន់លានដុល្លាអាមេរិក។

ជាមួយគ្នានេះ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការ បានទទួលជួបពិភាក្សាទ្វេរភាគីជាមួយនគរបាលជប៉ុន ដឹកនាំដោយឯកឧត្តម TACHIKAWA Koichi អគ្គស្នងការរងនគរបាលជាតិជប៉ុន។ ឯកឧត្តម ប្រធានប្រតិភូជប៉ុន បានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ចំពោះកិច្ចសហការយ៉ាងល្អនាពេលកន្លងមក។

ជាការឆ្លើយតបឯកឧត្តម កែវ វណ្ណថន បានជម្រាបភាគីជប៉ុន អំពីវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឹមខែមេសា ឆ្នាំ២០២៦នេះ ការរៀបចំច្បាប់ស្តីពី ការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការរៀបចំមជ្ឈមណ្ឌលប្រឆាំងការឆបោក(Anti Scam Center)។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.