ព័ត៌មានជាតិ

កងម្លាំងនគរបាលទេសចរណ៍ខេត្តកែប ចុះប្រតិបត្តិការល្បាតរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ

ខេត្តកែប៖ នាព្រឹកថ្ងៃសុក្រ​ ទី១៣ ខែមីនា ឆ្នាំ២០២៦​ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ក្នុងស្មារតីទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាប្រចាំកងកម្លាំងនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកែប បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រល្បាតតាមបែបបទថ្មី ដោយប្រើប្រាស់កង់ជំនួសឱ្យម៉ូតូ ឬរថយន្ត ដើម្បីតាមដាន និងរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកសម្រាកកម្សាន្តនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ។

សកម្មភាពល្បាតដោយជិះកង់នេះ ត្រូវបានគេមើលឃើញថាជាវិធានការដ៏វៃឆ្លាត និងទាន់ពេលវេលាបំផុត ស្របពេលដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកំពុងមានការប្រែប្រួលហក់ឡើងខ្ពស់។ ការផ្លាស់ប្តូរមកប្រើប្រាស់កង់ក្នុងកិច្ចប្រតិបត្តិការល្បាតតាមតំបន់គោលដៅទេសចរណ៍ មិនត្រឹមតែជួយកាត់បន្ថយការចំណាយថវិការដ្ឋលើការប្រើប្រាស់ប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នពុលក្នុងក្រុងផងដែរ។

ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន ការជិះកង់ល្បាតក៏ជាឱកាសមាសសម្រាប់មន្ត្រីនគរបាលក្នុងការហាត់ប្រាណដើម្បីពង្រឹងសុខភាពឱ្យកាន់តែមាំមួន បង្កើនភាពរហ័សរហួនក្នុងកិច្ចការងារបង្ក្រាបបទល្មើសផ្សេងៗ។ លើសពីនេះ យុទ្ធសាស្ត្រនេះបានធ្វើឱ្យមន្ត្រីនគរបាលកាន់តែមានភាពជិតស្និទ្ធជាមួយភ្ញៀវទេសចរ ដែលបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ជួយសង្គ្រោះ និងអន្តរាគមន៍បានទាន់ពេលវេលានៅតាមទីតាំងដែលរថយន្តពិបាកចូលទៅដល់។

មហាជន និងភ្ញៀវទេសចរណ៍ដែលបានឃើញសកម្មភាពនេះ បានសម្ដែងនូវការគាំទ្រ និងកោតសរសើរមិនដាច់ពីមាត់ ចំពោះគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំនគរបាលខេត្តកែប ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ “មួយគ្រាប់ព្រួញបាញ់បានសត្វពីរ” ពោលគឺទាំងការរក្សាសន្តិសុខបានល្អ និងការសន្សំសំចៃខ្ពស់។

គួរបញ្ជាក់ផងដែរថា ខេត្តកែបបច្ចុប្បន្នកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ ហើយការដាក់ពង្រាយកម្លាំងល្បាតដោយជិះកង់នេះ គឺជាចំណែកមួយក្នុងការជួយលើកកម្ពស់មុខមាត់ខេត្ត ឱ្យក្លាយជាទីក្រុងទេសចរណ៍មានសុវត្ថិភាព ស្អាត និងបៃតងសម្រាប់មនុស្សគ្រប់រូប៕

ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.