ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៦ លើកទី១៩

បន្ទាយមានជ័យ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ បានប្រារព្ធ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៦ លើកទី១៩ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ»។ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានអ្នកចូលរួមប្រមាណ៧០០នាក់ នៅសាលប្រជុំ (ធំ) សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្ដើម លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរាយការណ៍សង្ខេបពីរាយការណ៍ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៥ កន្លងនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងច្បាប់ ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន៨៤/៣៨ករណី (កើន៤៦ករណី) ដោយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងខេត្តចំនួន ១៧៧នាក់។

ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាព នៃសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងដើម្បីបង្ហាញពីការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាឱ្យបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម និងសន្តិភាពយូរអង្វែង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បញ្ជាក់ ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការការពារ សុវត្ថិភាព ប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិ ឱ្យនៅស្ថិតស្ថេរយូរអង្វែងតទៅ ដោយលុបបំបាត់ឱ្យខាងតែបាននូវរាល់ឧក្រិដ្ឋកម្ម ដែលកើតមាននៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាការពារប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសទាំងឡាយណា ដែលបាននិងកំពុងស្នាក់នៅលើទឹកដីកម្ពុជា ឱ្យមានសុវត្ថិភាព និងទទួលបាននូវកិច្ចការពារ តាមគោលការណ៍ច្បាប់ ដោយឥតរើសអើង និងមិនបណ្តែតបណ្តោយឱ្យបទល្មើសរីកធំធាត់ក្លាយជាឧបសគ្គដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យដែលជាគោល ដៅចម្បងរបស់ជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដែលបាននិងកំពុងអនុវត្តយ៉ាងរលូន ក្នុងដំណាក់កាលទី១ និងបន្តបន្ទាប់”។

ឯកឧត្ដម ក៏បានអំណរគុណដ៏គ្រប់អ្នកពាក់ព័ន្ធ បន្តធ្វើសកម្មភាពយ៉ាងសកម្មតាមជំនាញរៀងៗខ្លួន ក្នុងភូមិសាស្ត្រខេត្តប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតរក្សាបានស្ថានភាពនឹងនដូចសព្វថ្ងៃនេះ។ ជាពិសេសគ្រប់ផ្នែកជំនាញ អង្គការ -សមាគម មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិក៏បានរួមសហការគ្នាចូលរួមចំណែកក្នុងការកសាងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៤-២០២៨ ដើម្បីជាផែនទីបង្ហាញផ្លូវ និងលើកទិសដៅជាផែនការសកម្មភាព សម្រាប់អនុវត្តឆ្នាំ២០២៦នេះ ដើម្បីសហការគ្នាក្នុងការបង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទាទោសនិង ផ្តល់កិច្ចការពារឱ្យបានកាន់តែប្រសើរឡើង៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.