តាមរយៈការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលហៅកាត់ថា (គ.វ.រ.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីដាក់អនុវត្តនូវលទ្ធផលនៃការងារកែទម្រង់ដែលសម្រេចបានទាំងអស់នោះ។ ដើម្បីពិនិត្យ និងបន្តនូវការកែលម្អមុខតំណែងវិជ្ជាជីវៈសុខាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល។
អនុក្រឹត្យនេះ រៀបចំឡើងក្នុងគោលបំណងសម្រាប់មន្រ្តីបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការជ្រើសរើសមន្រ្តីសម្រាប់បំពេញការងារក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល ការរៀបចំលក្ខខ័ណ្ឌការងារ ឬកិច្ចព្រមព្រៀងការងារ ការអភិវឌ្ឍសមត្ថភាព ការវិវិត្តអាជីព និងការរៀបចំផែនការធនធានមនុស្សស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន។
ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល នឹងក្លាយជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការ ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស និងផែនការធនធានមនុស្សតាមវិស័យ ជាពិសេសជំរុញប្រសិទ្ធភាពនៃការជ្រើសរើស ការតែងតាំង និងការពង្រាយមន្ត្រីតាមវិស័យ ស្របតាមអភិក្រមរបស់ សម្ដេចធិបតី “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ”។
ទន្ទឹមនេះ ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ នឹងកំណត់បានយ៉ាងច្បាស់ពីតម្រូវការ និង គុណវុឌ្ឍិមន្ត្រីសម្រាប់បំពេញការងារក្នុងអង្គភាពដែលធ្វើឱ្យការជ្រើសរើសមន្ត្រីទៅកាន់មុខតំណែងស្របតាមតម្រូវការជាក់ស្ដែងនៃមុខតំណែងតាមវិស័យ ហើយមន្ត្រីក៏បានយល់ច្បាស់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ក៏ដូចជាការបង្កើនសមត្ថភាពជំនាញឱ្យឆ្លើយតបទៅនឹងមុខតំណែង និងការអភិវឌ្ឍអាជីពក្នុងវិស័យរបស់ខ្លួន។





