ព័ត៌មានជាតិ

សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ

សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ

(AKP កណ្តាល) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្បោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport – TIA) ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី នៅលើផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា។

សូមរម្លឹកថា អាកាសយានដ្ឋាននេះ ត្រូវបានបើកប្រតិបត្តិការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយមិនត្រឹមតែជាអាកាសយានដ្ឋាននោះទេ ប៉ុន្តែ គឺជាមោទនភាពជាតិខ្មែរទាំងមូល! គឺជាសាក្សីនៃកំណើនសេដ្ឋកិច្ចជាតិ! ហើយស្ថាបត្យកម្ម និងការសាងសង់គឺដោយកូនខ្មែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប និងអនុញ្ញាតឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន ដោយមានផ្លូវយន្តហោះរត់ប្រវែង ៤គីឡូម៉ែត្រ។

បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ ក្នុងឆ្នាំ២០២៥ លើពិភពលោកផងដែរ។

តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥។ ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់មួយបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០លាននាក់ នៅឆ្នាំ២០៣០ ខណៈដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅឆ្នាំ២០៥០។

ដោយ ផែន រតនៈ (រូបថត៖ គល់ រ៉េននី និង យឹម សុវឌ្ឍនា)
#TechoInternationalAirport

 

bvt

Leave a Reply

Your email address will not be published.