ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អស់ លោក លោកស្រី នាយករងរដ្ឋបាលខេត្ត អង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបី និង រដ្ឋបាលក្រុង ស្រុក ផងដែរ។

បន្ទាប់ពីអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំដែលបានគ្រោងទុករួចមក សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានលើកឡើងនូវបញ្ហាមួយចំនួន ដោយមានធ្វើការកែសម្រួលខ្លឹមសារ អត្ថន័យ និង លទ្ធផលនៅក្នុងរបាយការណ៍នូវចំណុចមួយចំនួន បញ្ហាការងារអត្រានុកូលដ្ឋាន ករណីការប្រើប្រាស់បារីអេឡិចត្រូនិច និង សុំឱ្យមានការថែទាំដើមឈើទើបនឹងដាំនៅអមដងផ្លូវក្នុងក្រុង ព្រមទាំងបញ្ហាបទល្មើសនេសាទ និង អគ្គិសនី ជាដើម។

លោក ឌី រ៉ាដូ ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៦ ទោះបីក្នុងនោះមានការខ្វះចន្លោះមួយចំនួនក៏ដោយ។ ម៉្យាងទៀត ចំពោះបញ្ហាអគ្គិសនី ៧ភូមិដែលមិនទាន់មានភ្លើងប្រើប្រាស់នោះ ដោយភូមិចំនួន៥ ស្ថិតក្នុងតំបន់ឧទ្យានជ័យវរ្ម័នភ្នំគូលែន ( ឃុំខ្នងភ្នំ) និង ភូមិចំនួន២ទៀត គឺជាភូមិបណ្តែតទឹក ( ឃុំចុងឃ្នៀស និង មាត់ខ្លា ឃុំអន្លង់សំណរ)។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ច រួមសហការក្នុងបង្រ្កាបឱ្យខាងតែបានពីករណីគ្រឿងញៀន និង បារីអេឡិចត្រូនិច និង បទល្មើសនេសាទ ព្រមទាំងការថែទាំដើមឈើដែលដាំរួច និងបរិស្ថានតាមដងផ្លូវទៀតផង។

ឯកឧត្តម តោ គឹមស៊ាន បានឯកភាពរាល់លទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តបានប្រចាំខែមករា ឆ្នាំ២០២៦ ព្រមទាំងសូមឱ្យធ្វើការកែតម្រូវនូវរាល់សកម្មភាពការងារមួយចំនួន និង ពិនិត្យឱ្យបានត្រឹមត្រូវ។ ម៉្យាងទៀតគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវពន្លឿនការផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ឆមាសឱ្យបានទៀងទាត់មកការិយាល័យជំនាញ តាមការកំណត់ ដើមី្បធ្វើការបូកសរុបជូនគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត។

ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុង ដើមី្បបំបាត់នូវភាពអណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ដែលតែងតែបង្កគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ក្នុងក្រុង មិនថាថ្ងៃបុណ្យ ឬមិនបុណ្យនោះឡើយ។ ឯកឧត្តមក៏បានជំរុញដល់រដ្ឋបាលក្រុងសៀមរាប និង ក្រុង ស្រុក ធ្វើការពិនិត្យ ថែទាំរាល់ដើមឈើដែលបានដាំនៅអមដងផ្លូវក្នុងក្រុង រួមទាំងបរិស្ថាន ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណដងផ្លូវ ក្នុងការទទួលស្វាគមន៍ដល់គណៈប្រតិភូ ភ្ញៀវជាតិ អន្តរជាតិ ចូលមកកាន់ក្រុងប្រវត្តិសាស្ត្រមួយនេះ។ គ្រប់ក្រុង ស្រុក ត្រូវបន្តគ្រប់គ្រងបងប្អូនភៀសសឹក ដែលកំពុងបន្តស្នាក់នៅតាមមណ្ឌល ត្រូវធានាលើការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ សុខភាព ជូនបងប្អូននៅតាមមណ្ឌលសុវត្ថិភាពផងដែរ៕

ប្រភព៖រដ្ឋបាលខេត្តសៀមរាប

bvt

Leave a Reply

Your email address will not be published.