ព័ត៌មានជាតិ

ឯកឧត្តម នួន ផារ័ត្ន អញ្ជេីញធ្វេីបទអន្តរាគមន៍​ ស្តី​ពី​ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកំពង់ធំ ដើម្បីបង្កើតឱកាសការងារ មុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖​ នៅរសៀលថ្ងៃពុធ​ ទី៤​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ​ បានអញ្ជេីញធ្វេីបទអន្តរាគមន៍​ ស្តី​ពី​ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកំពង់ធំ ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំប្រការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ឯកឧត្ដម​ អភិបាលបានលេីកឡេីងថា ខេត្តកំពង់ធំស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ដែលចែកជាក្រុង០១ ស្រុក០៨ ឃុំ៧៣ សង្កាត់០៨ ភូមិ៧៦៥មានចម្ងាយ ១៦៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ឆ្នាំង សៀមរាប និងពោធិ៍សាត់​ ។

ក្នុងបទអន្តរាគមន៍នេះផងដែរ​ ឯកឧត្ដម​ អភិបាល​បានបន្តទៀតថា តាមការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យប្រែក្លាយខេត្តកំពង់ធំ រួចផុតពីខេត្តដែលជាបន្ទុករបស់ជាតិ ក្លាយជាខេត្តដែលចូលរួមចំណែកជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋការកាត់បន្ថយភាពក្រីក្រជាខេត្តដែលមានភាព​ទាក់ទាញ មិនឱ្យគេទៅហួសមកហួសឡេីយ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការតម្រង់ទិសរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី កែប្រែខេត្តកំពង់ធំដែលពឹងផ្អែកតែទៅលើវិស័យកសិកម្ម មកជាខេត្តដែលពឹងផ្អែកលើសសរស្តម្ភទាំង ៤ ដែលមានតុល្យភាពគ្នារួមមាន៖ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដោយឈរលើអភិក្រមចំនួន ០៣គឺ៖១.ពង្រីកការងារ​២.បន្ថែមការងារ​ ៣.​បង្កើតការងារថ្មី​

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

bvt

Leave a Reply

Your email address will not be published.