ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គដ្ឋានអន្តោប្រវេសន៍ បានអញ្ជេីញធ្វេីបទអន្តរាគមន៍ ស្តីពីវិធានការគ្រប់គ្រងវត្តមានជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំប្រការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គនាយក បានលេីកឡេីងថាក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានតួនាទី ភារកិច្ចស្នូលសំខាន់ៗដូចខាងក្រោម៖១.គ្រប់គ្រងការចេញ ចូល ប្រទេសនៅតាមច្រកទ្វារអន្តរជាតិ ២.គ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
៣.ស្រាវជ្រាវស៊ើបអង្កេតស្វែងរកជនបរទេសស្នាក់នៅនិងធ្វើការខុសច្បាប់ មុខសញ្ញាឧក្រិដ្ឋជនលួចចូលមកសម្ងំលាក់ខ្លួន និងជនពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ក្នុងបទអន្តរាគមន៍នេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានលេីកឡេីងថាការគ្រប់គ្រងជនបរទេសតាមប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ផ្តល់ភាពងាយស្រួលដល់ម្ចាស់ ឬអ្នកគ្រប់គ្រងលំនៅឋានគ្រប់ប្រភេទក្នុងការរាយការណ៍វត្តមានជនបរទេសដែលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួនដល់មន្រ្តីនគរបាលមានសមត្ថិកិច្ច ដូចបានកំណត់ក្នុងមាត្រា១៨ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ ផ្តល់គណនីជូនមន្រ្តីនគរបាលមានសមត្ថិកិច្ចសម្រាប់គ្រប់គ្រងវត្តមានជនបរទេសក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន ។
ឯកឧត្ដម អគ្គនាយកបានបន្តថា អត្ថប្រយោជន៍របស់ប្រព័ន្ធ FPCSសម្រាប់ម្ចាស់ ឬអ្នកគ្រប់គ្រងលំនៅឋានអាចរាយការណ៍ពីវត្តមានជនបរទេសតាមប្រព័ន្ធឌីជីថលដែលអាចទាញយកកម្មវិធីតាម ទូរស័ព្ទដៃ (Mobile App) ឬតាមរយៈគេហទំព័រ (Website) និងការចុះវត្តមានជនបរទេសចូលប្រព័ន្ធធ្វើឡើងដោយការស្កេនទាញយកទិន្នន័យមានភាពលឿនរហ័ស និងសុក្រិត្យភាពងាយស្រួលក្នុងការគ្រប់គ្រងវត្តមានជនបរទេសដែលកំពុងស្នាក់នៅទីតាំងរបស់ខ្លួន ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





