ប៉ៃលិន៖ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានជំរុញឱ្យស្ត្រីបន្តអភិវឌ្ឍន៍សមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងការបំពេញភារកិច្ចជូនអង្គភាពនិងសង្គមជាតិ។
ការជំរុញរបស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយលោកស្រី ប្រាក់ ស្រីពៅ ក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីនគរបាលជានារីទូទាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះស្ត្រីនគរបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ច និងការអភិវឌ្ឍន៍សង្គមជាតិ។ លោកស្នងការ បានលើកឡើងបន្ថែមអំពីតួនាទីសំខាន់របស់ស្ត្រី ក្នុងការចូលរួមលើកកម្ពស់សន្តិភាពសន្តិសុខ និងសុខុមាលភាពគ្រួសារ ព្រមទាំងជំរុញឱ្យស្ត្រីបន្តអភិវឌ្ឍន៍សមត្ថភាពនិងចូលរួមយ៉ាងសកម្មក្នុងការបំពេញភារកិច្ចជូនអង្គភាពនិងសង្គមជាតិ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក៏បានផ្តល់ជូនអំណោយលើកទឹកចិត្តដល់មន្ត្រីនគរបាលជានារី ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះតួនាទីសំខាន់របស់ស្ត្រី។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
















