សិក្ខាកាមចំនួន ៧១៧នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលកុំព្យូទ័រ កាត់តវីដេអូ និងទូរស័ព្ទដៃ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេល ៣ខែ។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបញ្ចប់ទៅប្រកបដោយជោគជ័យតាមផែនការដែលបានគ្រោងទុក ក្រោមការដឹកនាំ និងរៀបចំដោយរដ្ឋបាលខេត្តព្រៃវែង និងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។
ពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី៤ ត្រូវបានធ្វើឡើងទន្ទឹមគ្នានឹងពិធីបើកវគ្គថ្មីជំនាន់ទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង។ បើតាមរបាយការណ៍ ស្ដីពីដំណើរការរៀន និងការប្រឡងបញ្ចប់ ការបណ្ដុះបណ្ដាលរយៈពេល ៣ខែកន្លងមកនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវគោលការណ៍ដែលផ្ដោតសំខាន់ទៅលើ «គុណភាព និងវិន័យ» ជាកត្តាកំណត់ ដោយមានការធ្វើតេស្តកម្រិតយល់ដឹងរបស់សិស្សមុននឹងចូលរៀន និងការរៀបចំឱ្យមានការប្រឡងប្រជែងជម្រើសយកសិស្សឆ្នើមនៅតាមថ្នាក់នីមួយៗ ចំនួន៥នាក់ សម្រាប់ការប្រឡងជុំទី១ និងបន្តធ្វើការប្រឡងជម្រុះសម្រាប់ជុំទី២ ដើម្បីជ្រើសរើសយកសិស្សពូកែចំណាត់ថ្នាក់ពីលេខ ១ ដល់ ៥ សម្រាប់ជំនាញកុំព្យូទ័រទាំងពីរ។
ដោយសារភាពជោគជ័យក្នុងដំណើរការបណ្ដុះបណ្ដាលជំនាន់ទី៤នេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន ព្រះសង្ឃ អាជីវករ និងមន្ត្រីរាជការ បានមកដាក់ពាក្យសុំចូលរៀនក្នុងជំនាន់ទី៥ បន្តទៀត ដែលមានចំនួនរហូតដល់ ៧៨០នាក់។ សម្រាប់ជំនាន់ថ្មីនេះ មានថ្នាក់សិក្សាចំនួន ១៦ថ្នាក់ ស្មើនឹង ១៦ម៉ោងក្នុងមួយថ្ងៃ (សម្រាប់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ) និង ២ថ្នាក់សិក្សា ស្មើនឹង ៤ម៉ោងក្នុងមួយថ្ងៃ (សម្រាប់ថ្ងៃសៅរ៍ និងអាទិត្យ) ដោយប្រើប្រាស់រយៈពេលបណ្ដុះបណ្ដាលចំនួន៣ខែដូចគ្នា ក្នុងន័យពង្រីក និងពង្រឹងចំណេះដឹងផ្នែកឌីជីថលឱ្យកាន់តែប្រសើរឡើង។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលបានគិតគូរអំពីថ្នាលបន្តវេនសម្រាប់យុវជន និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមរយៈការបង្កបរិយាកាសឱ្យសិស្សានុសិស្ស និងមន្ត្រីបានទទួលបាននូវមូលដ្ឋានគ្រឹះ និងឈានទៅពង្រីកចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រឱ្យកាន់តែទូលំទូលាយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យានេះ គឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាព “បច្ចេកវិទ្យា” ជាគន្លឹះសំខាន់ ដែលជំនាញទាំងអស់នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ក្មួយៗប្រែក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីបន្តចាប់យកជំនាញថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) ដែលជាការវិវត្តរបស់សកលលោក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមជំនាន់ថ្មី ឱ្យខិតខំរៀនសូត្រដោយមានវិន័យ ទៀងទាត់ និងអភិវឌ្ឍគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនដោយមិនត្រូវចម្លងតែគំរូពីគេឡើយ។ ជាពិសេស ប្រមុខក្រសួងមហាផ្ទៃ ក៏បានដាស់តឿនឱ្យសិក្ខាកាមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ កុំឱ្យចេះតែជំនាញផលិតមាតិកា ឬកាត់តវីដេអូបាន តែខ្វះក្រមសីលធម៌ ឬមិនគិតពីច្បាប់ ព្រោះវាអាចបង្កផលប៉ះពាល់ដល់វប្បធម៌ និងអត្តសញ្ញាណជាតិ។
សូមបញ្ជាក់ថា សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្តាលក្នុងការប្រឡង ទទួលបានរង្វាន់លើទឹកចិត្ត ពីឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ក្នុងនោះរួមមាន ចំណាត់ថ្នាក់លើជំនាញរដ្ឋបាលលើកុំព្យូទ័រ លេខ១ ទទួលបានកុំព្យូទ័រយួរដៃ ០១គ្រឿង និងថវិកា ៥០ម៉ឺនរៀល លេខ២ ទទួលបានថវិកា ៥០ម៉ឺនរៀល លេខ៣ ទទួលបានថវិកា ៤០ម៉ឺនរៀល លេខ៤ ទទួលបានថវិកា ៣០ម៉ឺនរៀល និងលេខ៥ ទទួលបានថវិកា ២០ម៉ឺនរៀល។ សម្រាប់ជំនាញកាត់តវីដេអូ ចំណាត់ថ្នាក់លេខ១ ទទួលបានកុំព្យូទ័រយួរដៃ ០១គ្រឿង និងថវិកា ៥០ម៉ឺនរៀល លេខ២ ទទួលបានថវិកា ៥០ម៉ឺនរៀល លេខ៣ ទទួលបានថវិកា ៤០ម៉ឺនរៀល លេខ៤ ទទួលបានថវិកា ៣០ម៉ឺនរៀល និងលេខ៥ ទទួលបានថវិកា ២០ម៉ឺនរៀល និងបានផ្ដល់ជូនយុវជន មន្ត្រីរាជការ ព្រះសង្ឃ អាជីវករ ក្មួយៗកុមារ ទទួលបាននូវការសិក្សាដោយមិនគិតថ្លៃ៕















