ប៉ៃលិន៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ការរៀបចំផែនការអនុវត្តបន្ត និងជំរុញការផ្សព្វផ្សាយអំពីច្បាប់ នៃបទល្មើសឆបោកនេះ ជូនដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការអនុវត្តន៍និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៧០ គ.ស ២០២៦ ជូនដល់ភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្ត នៅតាមតំបន់ទេសចរណ៍នានាទូទាំងខេត្តប៉ៃលិន។
លោកជំទាវ បណ្ឌិត បាន ស្រី មុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ជំរុញ និងលើកទឹកចិត្ត ដល់ អាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams, ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការ អនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុងស្រុកឃុំសង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង ត្រៀមជានិច្ច ដើម្បីបង្ការទប់ស្កាត់ រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំង ការពារចុះល្បាតតាមទីកន្លែងកំសាន្តនានា និង នៅតាមទីវត្តអារាមក្នុងខេត្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយម្យ៉ាងវិញ ទៀតគ្រប់គោលដៅតាមបណ្តា អធិការដ្ឋាន នគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំ-សង្កាត់ ត្រូវតែមានមន្ត្រីនៅ ប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេល។
លោកជំទាវ បានមានប្រសាសន៍លើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ ក៏មានការងារធ្វើ មានជីវភាពធូរធារ ដោយសារ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារ ចុះជួយពង្រឹងគ្រប់ភូមិឃុំ ស្រុក ខេត្ត នៅទូទាំងប្រទេសហើយទាំង អស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពប៉ិនប្រសប់ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យសង្គមជាតិទទួលបាននូវសុខសន្តិភាពសុវត្ថិភាព និងស្ថិរភាព លើផ្ទៃប្រទេស។
លោកជំទាវ បានមានប្រសាសន៍កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារ ប្រកបដោយការទួលខុសត្រូវខ្ពស់និងទទួលបាន លទ្ធផលល្អប្រសើរ ជាពិសេសការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការបង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយ សមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហាដែលកើតមានឡើង ក៏ដូចជាសំណូមពរនានា របស់ប្រជាជន ស្របទៅនឹងគោលនយោបាយ ភូមិ – ឃុំ មានសុវត្តិភាព របស់រាជរដ្ឋាភិបាល។
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន













