ប៉ៃលិន៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស ២៥៦៩ គ.ស ២០២៦ ដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នាពេលខាងមុខឆាប់នេះ រដ្ឋបាលខេត្ត គ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ដើម្បីបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មកលេងកំសាន្ត ដោយមានការរៀបចំនូវលេងល្បែងប្រជាប្រិយការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងលេងកម្សាន្តសប្បាយក្រោមម្លប់សុខសន្តិភាព។
លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ និងសួនច្បារមុខ សាលាខេត្ត ព្រមទាំងរៀបចំនៅតាមទីតាំងរមណីយដ្ឋាន និងទីវត្តអារាមនានាក្នុងខេត្តប៉ៃលិនផងដែរ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះនឹងផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ-អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ហើយក៏ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំ ក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន













