បាត់ដំបង៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុកទាំង១៤ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តម សុខ លូ មានប្រសាសន៍ឱ្យដឹងថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែប សាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានការរៀបចំទីតាំងលេងល្បែងប្រជាប្រិយ៍ ការតាំងពិព័រណ៍ម្ហូបអាហារអ្នកបាត់ដំបង ព្រមទាំងមានការតុបតែងភ្លើងបំភ្លឺផ្សេងៗជាដើម។
ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងទាក់ទាញភ្ញៀវទេសចរ។ ព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីរាំលេងកម្សាន្ត ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះឡើយ។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

















