តាកែវ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា លោកអភិបាលស្រុកសំរោង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម និងថវិការដ្ឋបាលខេត្តមកផ្តល់ជូនគ្រួសារលោកយាយ ឃួន សេង អាយុ៨០ឆ្នាំ ដែលកំពុងមានជម្ងឺប្រចាំកាយ ដែលមានកូន ជាវីរកងទ័ពប្រចាំការនៅគោលដៅភូមិព្រៃចាន់ ស្ថិតនៅក្នុងភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានថ្លែងប្រាប់ពីកិច្ចខិខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវៃឆ្លាតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្ដិភាព មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានទាក់ទាញបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗបានមករកស៊ីបណ្ដាក់ទុកនៅកម្ពុជាកាន់តែច្រើន ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានការងារធ្វើ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ពលរដ្ឋផងដែរ។
-សូមបញ្ជាក់ថាអំណោយដែលបានប្រគល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ មី១កេស ប្រេងឆា១លីត្រ នំ១ប្រអប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប កន្ទេល១ មុង ១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាមួយចំនួនទៀត៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ





