(កំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នេីដល់ស្ត្រីខ្មែរគ្រប់រូប ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវត្តលូតលាស់រីកចម្រើនជាមួយប្រាជ្ញា ស្មារតី និងបទពិសោធដោយឈរលើគន្លងផ្លូវមួយប្រកបដោយគតិបណ្ឌិត។
ការថ្លែងបញ្ជាក់បែបនេះ នាឱកាសដែល ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយា អញ្ជើញចូលរួមជាអធិបតី ក្នុងឱកាសអបអរសាទរខួប អុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ«សន្តិភាពនិងសន្តិសុខសម្រស់ស្រ្តី និងគ្រួសារ» ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានលេីកជាគោលការណ៍ថា ត្រូវតែរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ព្រោះថា ស្ត្រីជាបុរេ លក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ដែលមានលក្ខណៈសម្បត្តិ និងគុណតម្លៃជាច្រើន រួមមាន ស្ត្រីមានភាពល្អ ដោយការយល់ដឹង ចរិយាសម្បត្តិ ចំណេះដឹង និងគុណធម៌។ ស្ត្រីតំណាង ឱ្យជីវិត ដែលជាការលះបង់ក្នុងការងារប្រចាំថ្ងៃ។ ស្ត្រីវ័យកាន់តែច្រើន បទពិសោធន៍ កាន់តែខ្លាំង បង្កប់ការយល់ដឹងកាន់តែច្រើន និងមានភាពច្បាស់លាស់ និងឥទ្ធិពលស្ត្រីនៅក្នុងគ្រួសារ និងសង្គម បង្ហាញពីភាពខ្លាំង និងការគោរពស្រឡាញ់។
ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម ក៏បានលេីកឡេីងថា ដើម្បីកសាងសង្គមមួយដែលកាន់តែមានបរិយាបន្ន សមធម៌ និង សុខដុមរមនា យើងត្រូវបន្តអនុវត្តគោលនយោ បាយ និងវិធានការនានា ឱ្យស្របតាមចក្ខុ វិស័យនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយធានាបាននូវប្រសិទ្ធភាព និងភាពស៊ីជម្រៅក្នុងការអនុវត្តផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម












