កំពង់ស្ពឺ៖ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធី អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជានារីយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនស្ត្រីទាំងអស់ ជាពិសេសមន្ត្រីរាជការដែលបានបូជាកម្លាំងកាយចិត្ត ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តកំពង់ស្ពឺឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមបានបញ្ជាក់ថា តម្លៃនៃសន្តិភាព ប្រធានបទឆ្នាំនេះចង់បង្ហាញថា បើគ្មានសន្តិភាពទេ ស្ត្រី និងកុមារគឺជាអ្នករងគ្រោះមុនគេ សន្តិភាពគឺជាមូលដ្ឋានគ្រឹះដែលអនុញ្ញាតឱ្យស្ត្រីអាចប្រើប្រាស់សិទ្ធិសេរីភាពពេញលេញក្នុងការរៀនសូត្រ ការធ្វើធុរកិច្ច និងការចូលរួមក្នុងកិច្ចការនយោបាយ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកស្ត្រីជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» និងបានដាក់ចេញនូវគោលនយោបាយគាំពារស្ត្រីជាបន្តបន្ទាប់ ដើម្បីធានាបាននូវសមធម៌យេនឌ័រ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តទៀតថា យើងត្រូវរួមគ្នាជំរុញ និងលើកកម្ពស់សិទ្ធិស្ត្រីឱ្យកាន់តែទូលំទូលាយ ដោយលុបបំបាត់រាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាក្នុងគ្រួសារ ស្ត្រីគ្រប់រូបត្រូវតែមានឱកាសស្មើគ្នាក្នុងការសម្រេចចិត្ត ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការជានារីទាំងអស់ ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញឱ្យទាន់សភាពការណ៍រីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពល និងជាគំរូដ៏ល្អក្នុងអង្គភាព។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារយេនឌ័រ និងបង្កលក្ខណៈងាយស្រួលដល់ស្ត្រីក្នុងការចូលរួមសកម្មភាពសង្គមឱ្យបានកាន់តែច្រើនឡើងថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់លើកិច្ចការអភិវឌ្ឍក្រុងច្បារមន ដោយឯកឧត្តមមានប្រសាសន៍ថា ការកែលម្អរចនាសម្ព័ន្ធក្រុង៖ រដ្ឋបាលខេត្តកំពុងយកចិត្តទុកដាក់ខ្ពស់លើការរៀបចំសោភ័ណភាពក្រុងច្បារមនឱ្យកាន់តែមានភាពទាក់ទាញ និងមានសណ្តាប់ធ្នាប់ល្អប្រសើរ ដើម្បីបម្រើដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិន។
ឯកឧត្តមបានលើកឡើងថា ការមានផ្លូវស្អាត សុវត្ថិភាព និងភ្លើងបំភ្លឺសាធារណៈគ្រប់គ្រាន់ គឺជាផ្នែកមួយនៃការផ្តល់សុវត្ថិភាពដល់ស្ត្រី និងកុមារក្នុងការធ្វើដំណើរ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់បងប្អូនស្ត្រីក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃផងដែរ។ជាកិច្ចបញ្ចប់នៃកម្មវិធី ថ្នាក់ដឹកនាំខេត្តក៏បានផ្តល់កិត្តិយសប្រគល់នូវវត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាជូនដល់មន្ត្រីរាជការជានារី ដើម្បីជាការលើកទឹកចិត្ត និងជានិមិត្តរូបនៃសេចក្តីស្រឡាញ់ និងការផ្តល់តម្លៃដល់ស្ត្រីគ្រប់រូប។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ










