ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្ដីពី “សិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវលើសមិទ្ធកម្មរបស់អង្គភាពថវិកា”
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្ដីពី “សិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវលើសមិទ្ធកម្មរបស់អង្គភាពថវិកា” ដែលកម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Angkor Paradise ស្ថិតនៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ ដែលបានចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់នាពេលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈត្រូវបានរៀបចំជា ៤ដំណាក់កាល ដែលបច្ចុប្បន្ននេះ បានឈានមកដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយ ផ្តោតសំខាន់លើ “គណនេយ្យភាពសមិទ្ធកម្ម”។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានថ្លែងបន្ថែមថា កិច្ចការកែទម្រង់តែងតែជួបប្រទះនូវឧបសគ្គ ហើយក៏គ្មានជោគជ័យណាមួយដែលអាចទទួលបានមកដោយគ្មានការលះបង់ និងការខិតខំយ៉ាងប្តូរផ្តាច់នោះដែរ។ ក្នុងន័យនេះ ស្របពេលដែលអង្គភាពថវិកានីមួយៗទទួលបាននូវការផ្ទេរសិទ្ធិអំណាចកាន់តែទូលំទូលាយក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ក៏ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវក្នុងការប្រើប្រាស់ថវិកាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។ ឯកឧត្តម បានលើកឡើងបន្តថា សិក្ខាសាលានាថ្ងៃនេះ ជាលើកទី២០ និងជាវេទិកាមួយដ៏មានសារៈសំខាន់ដែលបានអញ្ជើញចូលរួមធ្វើបទបង្ហាញពីគ្រូឧទ្ទេសជំនាញៗ មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង ជំនាញវិជ្ជាជីវៈ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនបណ្ដាអង្គភាពថវិកា។ លើសពីនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ប្រើប្រាស់ពេលវេលាដ៏មានតម្លៃក្នុងរយៈពេល ២ថ្ងៃនេះ ស្ដាប់បទបង្ហាញរបស់គ្រូឧទ្ទេស និងចូលរួមផ្តល់មតិយោបល់ សំណូមពរ ក៏ដូចជាការចែករំលែកបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្ដែង ដើម្បីបំពេញបន្ថែម ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជាម្ចាស់ ក្នុងបរិបទនៃការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ដែលជាដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក សង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលានឹងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលតាមការរំពឹងទុក និងសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូល សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ














