ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យលទ្ធភាពសាងសង់ និងស្ថាបនាផ្លូវថ្នល់ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដោយការងារស្ថាបនាផ្លូវនឹងត្រូវអនុវត្តនៅគ្រប់ក្រុង ស្រុកទូទាំងខេត្ត មិនមែនធ្វើតែនៅក្នុងក្រុងបាត់ដំបងប៉ុណ្ណោះនោះទេ។
ការណែនាំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ ១៥៧០ ដោយក្រាលកម្រាលកៅស៊ូប្រភេទ DBST ប្រវែង ២,៦០០ម៉ែត្រ ទទឹង ៨ម៉ែត្រ មានចិញ្ចើមផ្លូវទទឹង ០.៥ម៉ែត្រ សងខាង និងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន ៣កន្លែង ស្ថិតនៅក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីបើកផ្លូវ និងពង្រីកផ្លូវឱ្យបានធំទូលាយ ព្រមទាំងលុបបំបាត់ការសាងសង់សំណង់ផ្សេងៗនៅលើដីចំណីផ្លូវ ដែលអាចបង្កឱ្យមានការកកស្ទះ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាអនាម័យបរិស្ថាន និងបញ្ឈប់ការដុតសំរាម ឬដុតជញ្ជ្រាំង ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។
ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីគ្រឿងញៀន តាមរយៈកម្មវិធីទូរសព្ទដៃ App NoDrug ដែលជាមធ្យោបាយលឿនរហ័ស មានសុវត្ថិភាព និងរក្សាការសម្ងាត់១០០% ដើម្បីឱ្យសមត្ថកិច្ចអាចចុះអន្តរាគមន៍បានទាន់ពេលវេលា៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង















