ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា របស់បណ្ឌិត្យសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមផាសុកបណ្ឌិត គាង សេង អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ឯកឧត្តមសាស្រ្តាចារ្យ គ្រូនគរបាលជាតិ ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួននៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានគោរពរាយការណ៍ជូន ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ជ្រាបអំពីវឌ្ឍនភាពការងារដែលសម្រេចបានតាមយុទ្ធសាស្ត្រនីមួយៗនៃផែនការយុទ្ធសាស្ត្ររបស់បណ្ឌិត្យសភា រួមមានយុទ្ធសាស្ត្រ៖ – ការងារដឹកនាំ-គ្រប់គ្រង – ការពង្រឹងសមត្ថភាពធនធានមនុស្ស -ការលើកកម្ពស់គុណភាពអប់រំ – ការពង្រីកវិសាលភាពបណ្ដុះបណ្ដាល – ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្ត។

បន្ថែមពីនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពជម្រាបជូនអំពីលទ្ធផលការងារដែលបានអនុវត្តជូន ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ជ្រាប រួមមាន៖ – បានអនុវត្តតួនាទីនិងភារកិច្ច ស្របតាមផែនការ លិខិតបទដ្ឋានគតិយុត្ត និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ផ្លូវការរបស់ថ្នាក់ដឹកនាំ ដោយការទទួលខុសត្រូវ សាមគ្គីភាព ច្នៃប្រឌិត និងនវានុវត្តន៍ – បានដឹកនាំកិច្ចប្រជុំវិសាមញ្ញនិងកម្មវិធីផ្សេងៗ ១៧លើក ចូលរួមកិច្ចប្រជុំនានា ៧លើក- បានទទួលស្វាគមន៍និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ពេញ ឡាមុត ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលអញ្ជើញមកចែករំលែកចំណេះដឹងនិងបទពិសោធតាមរយៈបទអន្តរាគមន៍ស្តីពី «ថាមពលកកើតឡើងវិញនិងថាមពលនុយក្លេអ៊ែ» ដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូ និងមន្ត្រីមួយចំនួន នៅបណ្ឌិត្យសភា- និស្សិតចំនួន១៨នាក់ ដែលកំពុងសិក្សានៅសាធារណរដ្ឋតួកគីយ៉េ ត្រូវបានអនុញ្ញាតចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកំលុងទស្សនកិច្ច- បានសហការជាមួយអគ្គនាយកដ្ឋានធនធានមនុស្សដើម្បីរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សអាហារូបករណ៍ចំនួន៤០០នាក់ ប្រចាំឆ្នាំ២០២៥ – បានជូនដំណឹងដល់អតីតនិស្សិត សិស្ស និងសិក្ខាកាមនគរបាលនិងពន្ធនាគារគ្រប់កម្រិត ឱ្យបានជ្រាបអំពីសញ្ញាសម្គាល់ជ័យលាភីដែលបានបញ្ចប់ការសិក្សា ហ្វឹកហាត់ ដោយជោគជ័យតាមវគ្គបណ្តុះបណ្តាលនីមួយៗ – បានជំរុញការកៀរគរចំណូលគ្រប់ប្រភេទ។ល។

ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានជម្រាបជូនឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ ក៏ដូចជាអង្គប្រជុំទាំងមូលបានជ្រាបផងដែរថា ទន្ទឹមនឹងការមានវឌ្ឍនភាពគួរជាទីមោទនៈនេះ បណ្ឌិត្យសភាក៏នៅជួបបញ្ហាប្រឈមនិងការលំបាកមួយចំនួនដែលត្រូវធ្វើការដោះស្រាយតាមលំដាប់អាទិភាពជាបន្តបន្ទាប់ ផងដែរ៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.