នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធដោយផ្ទាល់ នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B) និងតាមប្រព័ន្ធអនឡាញ (Zoom Meeting) សម្រាប់ថ្នាក់ដឹកនាំ គ្រូ និងមន្ត្រីនៃសាលានគរបាលជាតិភូមិភាគទាំង៦ និងសាលានគរបាលជាតិមិត្តភាពកម្ពុជា- វៀតណាម នៅតាមបណ្តាខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា បានថ្លែងកោតសរសើរដល់គ្រប់អង្គភាពចំណុះនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ច ដោយមានកិច្ចសហការ សាមគ្គីភាពរឹងមាំ ឆន្ទៈមោះមុត ទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ជាប្រចាំ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងរយៈពេលមួយខែនេះ បណ្ឌិត្យសភាបានសម្រេចនូវលទ្ធផលការងារសំខាន់ៗជាច្រើន គួរជាទីមោទនៈ រួមមាន
– បានទិញបន្ថែមគ្រឿងភ្លេងបុរាណ-សម័យ
– បានរៀបចំសម្ភារៈពេទ្យ
– បានបំពាក់LED LCD Computer Smart Board
– បានដំណើរការបើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅតាមសាលានគរបាលជាតិភូមិភាគ
– បានទទួលស្វាគមន៍និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ពេញ ឡាមុត ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលឯកឧត្តមបណ្ឌិតអញ្ជើញជាវាគ្មិន ចែករំលែកចំណេះដឹងនិងបទពិសោធស្ដីពី «ថាមពលកកើតឡើងវិញនិងថាមពលនុយក្លេអ៊ែ» ជូនដល់ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ គ្រូនគរបាល មន្រ្តីនគរបាល និងនិស្សិត
– បានសហការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ២០២៥
– បានបើកវគ្គបណ្ដុះបណ្ដាលជំនាញ «សង្គ្រោះជីវិតក្នុងស្ថានភាពធ្ងន់ធ្ងរ» នៅបណ្ឌិត្យសភា ដោយមានការអញ្ជើញចូលរួមពីលោក ប្រូស ហេន នាយកប្រតិបត្តិអង្គការ Love in Action លោក ហួត ដារ៉ាវុត កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី
– បានចេញសេចក្តីជូនដំណឹងដល់អតីតនិស្សិត សិស្ស និងសិក្ខាកាមនគរបាល-ពន្ធនាគារ គ្រប់កម្រិត ឱ្យបានជ្រាបអំពីសញ្ញាសម្គាល់ជ័យលាភី តាមវគ្គបណ្ដុះបណ្ដាលនីមួយៗ ដែលអ្នកសិក្សាអាចរកបានហើយនៅបណ្ឌិត្យសភា និងការផ្ដល់សញ្ញាបត្រនិងវិញ្ញាបនបត្រ «ទុតិយតា»។
ក្នុងនោះ បណ្ឌិត្យសភាបាននិងកំពុងសាងសង់ ជួសជុល កែលម្អសួនច្បារ និងបំពាក់ភ្លើងសូឡាក្នុងបរិវេណនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងនោះ បណ្ឌិត្យសភា បាននិងកំពុងចុះប្រមូលទិន្នន័យលើប្រធានបទស្ដីពី «ការវាយតម្លៃស្ថានភាពការងាររបស់អតីតនិស្សិតជ័យលាភីពីបណ្ឌិត្យសភានគរបាលកម្ពុជា» នៅតាមបណ្ដាលអង្គភាពពាក់ព័ន្ធ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន ក៏បានណែនាំតម្រង់ទិសដល់អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ ត្រូវបន្តទទួលខុសត្រូវចំពោះភារកិច្ចដែលប្រគល់ជូន ដោយធានាលើការអនុវត្តតួនាទី ភារកិច្ច ស្របតាមផែនការ មានភាពជាគំរូក្នុងការដឹកនាំ មានការទទួលខុសត្រូវ ជំរុញនិងអភិវឌ្ឍសមត្ថភាព(មន្រ្តី គ្រូ) ជាពិសេស ធ្វើការងារជាក្រុមនិងដោះស្រាយភាពអសកម្មប្រកបដោយភាពច្នៃប្រឌិត។ល។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន បានលើកឡើងបន្តថា គ្រប់អង្គភាពចំណុះ ត្រូវបន្តជំរុញលើការងារDigital (មនុស្ស ប្រព័ន្ធ ឯកសារ កម្មវិធីនានា) និងត្រូវអនុវត្តតាមការណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រុមប្រឹក្សាភិបាល និងឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ទទួលបន្ទុក៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
















