ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ “បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦” របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ។កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡាដ្ឋានជាតិរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឯកឧត្ដមអគ្គលេខាធិការរង លោក-លោកស្រី ប្រធានអង្គភាព លោក-លោកស្រី អនុប្រធានអង្គភាព នាយ- នាយរងការិយាល័យ និងលោក-លោកស្រី ប្រតិភូ ប្រតិភូរង នៃសមាគមកីឡាទាំងអស់ក្រោមចំណុះ៕
តាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឱ្យដឹងថាកិច្ចការទូទៅប្រចាំខែកុម្ភៈ មានលក្ខណៈល្អប្រសើរ ពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ អង្គប្រជុំក៏បានស្តាប់ការចូលរួមមតិតាមការិយាល័យជំនាញ អំពីលទ្ធផលកិច្ចសហប្រតិបត្តិការ ការងារប្រចាំខែកន្លងមករបស់ខ្លួនផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចតាមមុខងារ និងជំនាញរៀងៗខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលការងារគួរឱ្យកត់សម្គាល់។
ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរ ក៏ដូចជាលើកទឹកចិត្ត និងគាំទ្រឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលមានបំណងអភិវឌ្ឍន៍សមត្ថភាពការងារតាមរយៈការគ្រប់គ្រងវិស័យកីឡា គួរសាកល្បងដាក់អាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែក “គ្រប់គ្រងកីឡា”នៅសាធារណរដ្ឋកូរ៉េ ពោលគឺបន្ទាប់ពីឯកឧត្តមបានអញ្ជើញចូលរួមជាអធិបតី ក្នុងការធ្វើបទបង្ហាញដោយ អង្គកាមូលនិធិលើកកម្ពស់កីឡាកម្ពុជា ស្តីពីគម្រោងសំខាន់ៗចំនួន៤ ពាក់ព័ន្ធនឹងវិស័យកីឡានៅកម្ពុជា ដោយឯកឧត្តម បានចាត់ទុកថានេះជាឱកាសដ៏ល្អមួយ ដើម្បីបង្កើនសមត្ថភាពក្នុងកិច្ចការងារដឹកនាំកីឡា ដែលនឹងរួមចំណែកនាំឱ្យអង្គភាពកាន់តែរីកចម្រើនទៅថ្ងៃអនាគត។
ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈអធិបតី បានផ្ដាំផ្ញើ និងសំណូមពរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ សូមបន្តយកចិត្តទុកដាក់បំបេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ កសាងផែនការ សម្រាប់ឆ្នាំ២០២៦។ បន្ថែមលើនេះ ប្រតិភូកីឡានីមួយត្រូវបន្តពង្រឹង និងយកចិត្តទុកដាក់តាមប្រភេទកីឡារៀងៗខ្លួន ដែលនឹងត្រូវចូលរួមព្រឹត្តិការណ៍កីឡានានាទាំងជើងឯកថ្នាក់ជាតិ និងអន្តរជាតិ និងជាពិសេសបង្កើតកីឡាករ-កីឡាការិនីថ្នាល ដើម្បីបណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកបន្តវេនដ៏រឹងមាំសម្រាប់អង្គភាពក៏ដូចជាប្រទេសជាតិ៕
ប្រភព៖ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡា











