ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសង្គ្រោះជីវិតក្នុងស្ថានភាពធ្ងន់ធ្ងរ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសង្គ្រោះជីវិតក្នុងស្ថានភាពធ្ងន់ធ្ងរ» បន្ទាប់ពីបានដំណើរការអស់រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៦ រហូតដល់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាថ្ងៃបិទវគ្គនាពេលនេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ប្រូស ហេន (Bruce Hein) នាយកប្រតិបត្តិអង្គការ Love in Action ព្រមទាំងសហការី ជាគ្រូបង្គោល ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ វរសេនីយ៍ សាស្រ្តាចារ្យ គ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាល សន្និសីទ-ព្រះរាម (អគារប្រពៃណី ក – A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកន្លងមក អង្គការ Love in Action បានផ្តល់វគ្គបណ្តុះបណ្តាលចំនួន២ លើជំនាញ «សង្គ្រោះជិវិតបឋម» និងជំនាញ «ឆ្លើយតបការសង្គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍» ដល់គ្រូបង្គោលបណ្ឌិត្យសភានគរបាលកម្ពុជានិងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងបានផ្តល់នូវសម្ភារៈហ្វឹកហាត់និងសង្គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយចំនួន ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន បានថ្លែងបញ្ជាក់ថា នៅពេលនេះ យើងបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសង្គ្រោះជីវិតក្នុងស្ថានភាពធ្ងន់ធ្ងរ» មួយទៀត ជាវគ្គដែលមានសារៈសំខាន់ក្នុងការបង្កើនសមត្ថភាពមន្រ្តីជំនាញ ប្រកបដោយចំណេះ ជំនាញ និងវិជ្ជាជីវៈក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Bruce Hein នាយកអង្គការ Love in Action និងគ្រូបង្គោល ព្រមទាំងសហការី ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចំណេះ ជំនាញវិជ្ជាជីវៈ និងពេលវេលាដ៏មានតម្លៃ មកធ្វើការបង្ហាត់បង្រៀនដល់គ្រូបង្គោលបណ្ឌិត្យសភានគរបាលកម្ពុជា តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងក្រោយ ដែលត្រូវបិទបញ្ចប់វគ្គបណ្តុះបណ្តាលនាពេលនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏សូមចូលរួមអបអរសាទរចំពោះសិក្ខាកាម ដែលជាគ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលខាងលើប្រកបដោយភាពជោគជ័យនាពេលនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងបន្តប្រកបដោយជំនឿជឿជាក់ថា ជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទាំងទ្រឹស្តីនិងការអនុវត្ត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធ្វើការបណ្តុះបណ្តាលបន្តដល់និស្សិត សិស្ស និងសិក្ខាកាមនគរបាលចរាចរណ៍ទាំងអស់ ដែលមកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសិក្សានៅសាលានគរបាលជាតិភូមិភាគទាំង៦ ទាំងពេលបច្ចុប្បន្ននិងអនាគត ដើម្បីចូលរួមអនុវត្តច្បាប់ចរាចរណ៍ ប្រកបដោយប្រសិទ្ធភាពនិងការគោរពសិទ្ធិមនុស្សទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.