ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរណ៍ផ្លូវទឹក ដឹកនាំដោយ លោកវរសេនីយ៍ឯក កែវ រតនា នាយការិយាល័យ បានចុះល្បាតត្រួតពិនិត្យ និងធ្វើការផ្សព្វផ្សាយអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវទឹកជូនដល់ប្រជាពលរដ្ឋ។ ប្រតិបត្តិការនេះបានអនុវត្តនៅភូមិកណ្ដាល និងភូមិចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយផ្តោតលើការត្រួតពិនិត្យការអនុវត្តច្បាប់ និងការណែនាំម្ចាស់ជលយានយន្តឱ្យគោរពវិធានសុវត្ថិភាពចរាចរណ៍ផ្លូវទឹក។
ក្នុងឱកាសនោះ កម្លាំងជំនាញបានធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ជលយានយន្ត និងអ្នកបើកបរ អំពីវិធានការសំខាន់ៗ រួមមាន៖
១.មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង។
២.ហាមក្មេងមិនទាន់គ្រប់អាយុក្រោម ១៥ ឆ្នាំបើកបរជលយានយន្ត។
៣.មិនត្រូវបើកបរជលយានយន្តមានល្បឿនលឿនក្នុងទីប្រជុំជន។
៤.គ្រប់ជលយានយន្តធ្វើចរាចរណ៍តាមផ្លូវទឹកត្រូវបើកបរប្រកាន់ស្ដាំជានិច្ច។
៥.គ្រប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ត្រូវបំពាក់ភ្លើងហ្វាបំភ្លឺនៅពេលយប់។
៦.មិនត្រូវដាក់សម្ភារ ឬ ទំនិញផ្សេងៗ និង មនុស្សលើសចំណុះ។
៧.មុនចេញដំណើរម្ចាស់កាណូត
ត្រូវមានឧបករណ៍សង្រ្គោះដូចជា៖ ពោងសង្រ្គោះ ,ម៉ាសុីនបូមទឹក, បំពង់ពន្លត់អគ្គិភ័យដាក់ តាមកាណូត, ថ្នោលសម្រាប់ដោល និងអ្នករួមដំណើរត្រូវតែពាក់អាវពោងសុវត្ថិភាពទាំងអស់គ្នា។
៨.គ្រប់អាជីវករដែលលក់ដូរនៅលើទូកតាមមាត់ច្រាំងទន្លេត្រូវជួយសំអាតអនាម័យឱ្យបានស្អាត។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នឹងបន្តអនុវត្តការល្បាតត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំជាប្រចាំ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពលើដងទន្លេ និងផ្លូវទឹកក្នុងភូមិសាស្ត្រខេត្ត៕
ប្រភព៖ ស្នងការរដ្ឋានគរបាលខេត្តកំពង់ឆ្នាំង









