ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារអត្តសញ្ញាណកម្ម និងទិសដៅការងារចំពោះមុខ ។ ដោយមានអញ្ជេីញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងលោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ។
ជាកិច្ចចាប់ផ្តេីម ឯកឧត្ដម រដ្ឋលេខាធិការ មានមតិស្វាគមន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី រាជការដែលបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តការងារ របស់អត្តសញ្ញាណកម្ម និងទិសដៅការងារចំពោះមុខ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានអនុញ្ញាតឱ្យអង្គប្រជុំចូលរួមមតិយោបល់និងពិភាក្សាបន្ថែមអំពីការងារអត្តសញ្ញាណកម្ម។ ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានធ្វេីសេចក្តីរាយការណ៍សង្ខេបជូនអង្គប្រជុំនូវអំពីការងារអត្តសញ្ញាណកម្ម ដើម្បីទទួលមតិដឹកនាំបន្ថែមពីឯកឧត្តមប្រធានអង្គប្រជុំ។
ជាកិច្ចបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានមានមតិបូកសរុប និងថ្លែងអំណរគុណចំពោះ ឯកឧត្តម អស់លោក លោកស្រី ក្រុមការងារទាំងអស់ដែលបានចូលរួមផ្តល់នូវគំនិតយោបល់យ៉ាងផុសផុល ដើម្បីឱ្យការងារអត្តសញ្ញាណកម្ម នឹងទទួលបានលទ្ធផលល្អប្រសេីរថែមទៀត និងបានផ្តល់អនុសាសន៍ផែនការសកម្មភាពសំខាន់ៗមួយចំនួនដូចខាងក្រោម ។
១. ការរៀបចំលិខិតបទដ្ឋានគតិយុត្ត
២. ការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៍មានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន
៣. ការពង្រឹងប្រសិទ្ធភាពការផ្តល់សេវា អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ
៤. ការពង្រឹងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ















