ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជេីញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត ដើម្បីពង្រឹងការអនុវត្តតួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ

ប៉ៃលិន៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្ត ដើម្បីពង្រឹងការអនុវត្តតួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ ក្នុងការបម្រើជាតិ និងប្រជាជន ដែលពិធីនេះមានការចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត នាយក-នាយករង រដ្ឋបាលខេត្តនាយក-នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួមសាមគ្គីសហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកជំទាវ បានមានប្រសាសន៍លើកឡើងថាដោយផ្អែកទៅតាមស្ថានភាពវិវឌ្ឍន៍នៃប្រទេសជាតិ ក្នុងដំណាក់កាលចុងក្រោយ មន្ត្រីរាជការត្រូវប្រែឥរិយាបទពីអ្នកគ្រប់គ្រង ទៅជាអ្នកបំរើសេវាសាធារណៈ ដូច្នេះមកដល់ វេលានេះ យើងជាមន្ត្រីរាជការ ដែលកំពុងបំពេញភារកិច្ច នៅក្នុងតួនាទីភារកិច្ច ត្រូវមានការយល់ដឹង និងដើរឱ្យស្របទៅតាម គោលនយោបាយនេះដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានស្មើៗគ្នាដូចៗគ្នា និងកាន់តែល្អ ប្រសើរ ថែមទៀត ជាពិសេសត្រូវរួមសហការគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានគាប់ប្រសើរ ដោយឈរលើ គោលការណ៍ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាពផងដែរ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ មន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខេត្តត្រូវខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការ ដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍសមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗឱ្យស្របតាមសម័យបច្ចេកវិទ្យាព័ត៌មានទាន់សម័យនាពេលបច្ចុប្បន្ន ក្នុងនោះផងដែរ ក៏ត្រូវខិតខំព្យាយាមរៀនសូត្រពីរៀមច្បង ដែលមានពិសោធន៍ ការងារមុនៗហើយតាមទីចាត់ការ-អង្គភាពនីមួយៗ សូមផ្ដល់និងចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារល្អៗ ឬក៏អាចនិយាយបានថា អ្នកចេះបង្រៀនអ្នកមិនចេះអ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់ចំណេះដឹងពីអ្នកចេះ។

សូមបញ្ជាក់ថា បន្ទាប់ពីឡើងកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន រយៈពេលជាង ៥ឆ្នាំមកនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាព ការងារ ក្នុងការបម្រើជាតិ និងប្រជាជន ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលជាច្រើននៅក្នុងខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.