ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ស្តីពីការពង្រឹងការងារសមាគមកីឡាវាយសី”។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីសំណាក់អគ្គលេខាធិការរងទទួលផែន និងលោក-លោកស្រី ប្រតិភូ ប្រតិភូរង កីឡាករ-កីឡាការិនី នៃសមាគមកីឡាវាយសី ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំអគារមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
នាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងក្តីសោមនស្សរីករាយ និងកោតសរសើរ ដែលសមាគមកីឡាវាយសីក្រសួងមហាផ្ទៃ តែងតែដណ្តើមបានចំណាត់ល្អ ពីការប្រកួតនានា ជាពិសេសការប្រកួតក្នុងក្របខណ្ឌថ្នាក់ជាតិនាពេលកន្លងមក។ដើម្បីបន្តកិច្ចការកាន់តែមានប្រសិទ្ធភាព ឯកឧត្តមអគ្គលេខាធិការ បានជំរុញដល់ថ្នាក់ដឹកនាំទទួលផែន ព្រមទាំងប្រតិភូ ប្រតិភូរង នៃសមាគមកីឡាវាយសីក្រសួងមហាផ្ទៃ ត្រូវបន្តយកចិត្តទុកដាក់តាមដានសកម្មភាព កីឡាករ-កីឡាការិនី ឱ្យបានជាប់ជាប្រចាំ ទាំងការហ្វឹកហាត់ ទាំងវិន័យក្នុងនាមជាកងកម្លាំង និងដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលជាតម្រូវការរបស់កីឡាករ-កីឡាការនី។
ឯកឧត្តម យិត ភីរៈ បានណែនាំកីឡាករ និងកីឡាការិនី បន្តប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្ជាប់ខ្ជួន ក៏ដូចជាថែទាំសុខភាពឱ្យបានរឹងមាំ ជៀសឱ្យឆ្ងាយពីការប្រើប្រាស់សារធាតុប៉ូវកម្លាំង ដែលខុសនឹងច្បាប់កីឡា ដើម្បីត្រៀមឱ្យរួចរាល់សម្រាប់ការប្រកួតនានាដែលនឹងឈានមកដល់នាពេលខាងមុខ ជាពិសេសជាមួយគម្រោងនៃការប្រកួតកីឡាវាយសី ជើងឯកនគរបាលអាស៊ីអាគ្នេយ៍ នាពាក់កណ្ដាលឆ្នាំ២០២៦ នេះផងដែរ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់សមាគមត្រូវបន្តរៀបចំផែនការឱ្យបានម៉ឺងម៉ាត់លើការងារផលិតធនធានថ្នាលឱ្យបានកាន់តែច្រើន ជាពិសេសត្រូវរៀបចំផែនការហ្វឹកហាត់ដល់ពួកគេឱ្យបានទៀតទាត់ ដើម្បីឈានឆ្ពោះទៅកាន់ការសម្រេចបានកីឡាករ-កីឡាការិនីថ្នាលដែលពេញដោយសមត្ថភាព សម្រាប់បន្តវេន៕
ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា












