ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថល ដោយមានការអញ្ជើញចូលរួមពីលោក Lang Yansong ប្រធានក្រុមហ៊ុន North Digital Industry (Lioaning) Co., Ltd. និងសហការី ក្រុមការងារឯកឧត្តមអភិសន្តិបណ្ឌិត អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ ព្រមទាំងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សរុប២០រូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានស្វាគមន៍និងអនុញ្ញាតឱ្យ លោក Lang Yansong និងសហការី ធ្វើបទបង្ហាញអំពីកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថល ជូនអង្គប្រជុំ។ តាមរយៈបទបង្ហាញនេះ លោក Lang Yansong និងសហការី បានចែករំលែកអំពីបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជាដ្រូន និងAI ជួយដល់ប្រតិបត្តិការរបស់មន្រ្តីនគរបាលនិងការគ្រប់គ្រងទិន្នន័យសន្តិសុខ។ ក្នុងនោះដែរ លោកក៏បានលើកឡើងពីចំណុចចាំបាច់មួយចំនួនផ្នែកបច្ចេកវិទ្យាឌីជីថលដែលក្រសួងមហាផ្ទៃកម្ពុជាត្រូវការអភិវឌ្ឍនិងធ្វើទំនើបកម្ម រួមមានប្រព័ន្ធគ្រប់គ្រងចរាចរណ៍វៃឆ្លាតដោយប្រើប្រាស់ AI ដើម្បីសម្គាល់ស្លាកលេខ និងយានជំនិះទាំងមូល ប្រព័ន្ធល្បាតដែនអាកាសដោយប្រើបាស់ដ្រូនដើម្បីពិនិត្យសភាពការណ៍ចរាចរណ៍ ឬតាមដានមុខសញ្ញាល្មើសច្បាប់ពីលើអាកាស ការប្រើប្រាស់ទិន្នន័យធំសម្រាប់ប្រតិបត្តិការស៊ើបអង្កេតបទល្មើស ការវិភាគទិន្នន័យ និងដាក់ចេញវិធានការការពារសុវត្ថិភាពសាធារណៈ។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានអរគុណនិងស្នើលោក Lang Yansong បន្តផ្តល់កិច្ចសហប្រតិបត្តិការ ជាពិសេសលើការបណ្តុះបណ្តាល ដោយបញ្ជូនអ្នកជំនាញសរសេរកម្មវិធី AI, Drone និងCyber Security ដើម្បីមកបង្ហាត់បង្ហាញដល់មន្ត្រីកម្ពុជា សំដៅបង្កើនសមត្ថភាពលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាសម្រាប់វិស័យសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





