តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ បានសម្ដែងការគាំទ្រ និងស្វាគមន៍ចំពោះវត្តមាននៃសណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្ត «រីវើរគោកធ្លក»នេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តតាកែវ ឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត និងស្នាក់នៅកាន់តែច្រើនឡើង នឹងជួយបង្កើតការងារ និងចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
នេះបើយោងតាមកិច្ចប្រជុំ នៅព្រឹកថ្ងៃអង្គារ៍ ទី៣ ខែ កុម្ភៈ ឆ្នាំ ២០២៦នេះ ស្ដីពីការពិនិត្យ និងសម្រេចលើសំណើរសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារ និងរីសត «រីវើរគោកធ្លក» (River Kouk Thlok) ដែលជាគម្រោងទេសចរណ៍លំដាប់ផ្កាយ៤ ដ៏មានសក្ដានុពលបំផុតមួយ នៅត្រើយម្ខាងខាងលិចបឹងតាកែវ។
ឯកឧត្តម វ៉ី សំណាង ក៏បានគូសបញ្ជាក់ផងដែរថា បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី០៧ ខែកុម្ភៈ ខាងមុខដ៏ខ្លីនេះ គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋបាលខេត្តដូចជា ការកសាងប្រាសាទសិរិវិជ័យ បឹងតាកែវ ផ្លូវក្រវ៉ាត់បឹងតាកែវ វេទិកាអ៊ុទូក និងសណ្ធាគារផ្កាយ៤ នឹងត្រូវបានធ្វើពិធីក្រុងពាលីបើកការដ្ឋានជាផ្លូវការ ។
គួរបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំនេះ មានទំហំទឹកប្រាក់រហូតដល់ ៤,៩៧០,០០០ ដុល្លារអាមេរិក ដែលនឹងត្រូវសាងសង់ឡើងនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។ គម្រោងនេះរួមមាន៖ សណ្ឋាគារចំនួន ១០២ បន្ទប់ និងកន្លែងកម្សាន្តលើទឹកដ៏សម្បូរបែប ដូចជាការជិះម៉ូតូទឹក និងការជិះទូកកម្សាន្តជាដើម៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ





