ប៉ៃលិន៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃរដ្ឋបាលខេត្តដើម្បីចូលរួមអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ នាឱកាសឆ្នាំនេះ ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចរំលេចពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម ជាពិសេសការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានូវសុខុមាលភាពនិងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា។
លោកជំទាវ បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ការជ្រើសរើសប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» សម្រាប់ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ពិតជាសម ស្របខ្លាំងណាស់ទៅនឹងស្ថានភាពសង្គមកម្ពុជានាពេល បច្ចប្បន្នដែលបានទទួលរងនូវការឈ្លានពានពីសំណាក់យោធាថៃជាលទ្ធផលបានបន្សល់ទុកនូវជនភៀសសឹករាប់ ម៉ឺនគ្រួសារ ការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ជាពិសេសការពលី ដ៏អង់អាចក្លាហានរបស់វីរកងទព័ ក្នុងបុព្វហេតុការពារទឹកដីមាតុភូមិកម្ពុជា ដូច្នេះ សោដនាកម្មនៃសង្គ្រាមឈ្លានពានទាំង ២លើកនេះ បានប៉ះទង្គិចផ្លូវចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាជាខ្លាំង បន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាពលែងនឹកនាដល់សង្គ្រាមអស់ រយៈពេល ៣០ឆ្នាំកន្លងមកហើយ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា សុខភាពផ្លូវចិត្តពិតជាសំខាន់ខ្លាំងណាស់ ដើម្បីឱ្យមនុស្សគ្រប់ៗរូបបន្តដំណើរជីវិត បំពេញការងារនិងរស់នៅប្រកបដោយសុភមង្គល ដោយនៅពេលសុខភាពផ្លូវចិត្តទទួល រងនូវការប៉ះទង្គិច វាប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ជាពិសេសសន្តិភាពផ្លូវចិត្ត និងសុខមាលភាព ហើយបើតាមការសិក្សាស្រាវជ្រាវ ស្ត្រីងាយរងការប៉ះទង្គិចផ្លូវចិត្ត និងជំងឺបាក់ទឹក ចិត្តខ្ពស់ជាងបុរសដោយសារតែកត្តាច្រើនយ៉ាង រាប់បញ្ចូលទាំងកត្តាសង្គម កត្តាជីវសាស្ត្រនិងបន្ទុកនៃការទទួលខុសត្រូវខ្ពស់របស់ស្ត្រី ដូច្នេះការចូលរួមលើកកម្ពស់យេនឌ័រ គឺជាការផ្តល់តម្លៃដល់ស្ត្រី និងជាការទទួលខុសត្រូវរបស់មនុស្សគ្រប់ៗគ្នាដើម្បីធានាបាននូវសន្តិសុខនិងសន្តិភាព ផ្លូវកាយ ផ្លូវចិត្ត និងបញ្ញាស្មារតីរបស់ស្ត្រី ពីព្រោះសន្តិសុខ និងសន្តិភាពផ្លូវកាយ និងផ្លូវចិត្តគឺជាមូលដ្ឋានគ្រឹះនៃសុខមាលភាពសម្រាប់ស្ត្រី និងគ្រួសារ ។
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន














