ទីស្តីការក្រសួងមហាផ្ទៃ ៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ពិធីនេះដែរ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ត្រី ឃឹម គង្គាបរមី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួម ពីលោក លោកស្រី តំណាងនាយកដ្ឋាន នាយ – នាយរងការិយាល័យ ព្រមទាំង សមាជិក សមាជិកា ចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំជាច្រើនរូបផងដែរ។
លោកស្រី វរសេនីយ៍ទោ សុន សុវត្តី ប្រធានក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វេីសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារបញ្ជ្រាបយេនឌ័រឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ អគ្គនាយកដ្ឋាន បចេ្ចកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
ក្នុងឱកាសនោះដែរ លោកស្រីឧត្តមសេនីយ៍ត្រី ឃឹម គង្គាបរមី អគ្គនាយករង បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្ត្រី នៃអគ្គនាយកដ្ឋានបចេ្ចកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ស្មារតីឆន្ទៈ មនសិការ និងការទទួលខុសត្រូវខ្ពស់។ លោកស្រីឧត្តមសេនីយ៍ត្រី អគ្គនាយករង បានផ្តល់អនុសាសន៍ ណែនាំដល់មន្ត្រីជាស្រ្តីទាំងអស់ត្រូវខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតី និងទំនួលខុសត្រូវខ្ពស់ និងត្រូវរួមចំណែកធ្វើឱ្យអគ្គនាយកដ្ឋាន សម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត។
ជាចុងក្រោយ លោកស្រីឧត្តមសេនីយ៍ត្រី អគ្គនាយករង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលបានយកចិត្តទុកដាក់ទំនុកបំរុង និងលើកទឹកចិត្ត ជាពិសេសតែងតែផ្តល់ឱកាសដល់មន្ត្រីនគរបាលជាតិជានារី ក្នុងនាយកដ្ឋាន ស្ថានីយ៍ ចំណុះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

















