ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំង រស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី គណៈបញ្ជាការឯកភាពខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង និងអង្គភាពពាក់ព័ន្ធ ព្រមទាំងម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ អគារជួល ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការក្រុងប៉ោយប៉ែត។
នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បានលេីកឡើងពីបទបញ្ញត្តិ សំខាន់ៗជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំង រស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ឱ្យចូលរួមសហការជាមួយនិងអាជ្ញាធរដែនដី ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោងយ៉ាងយូរ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។
ក្នុងនោះ ឯកឧត្ដម បានលេីកឡេីងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនត្រូវអនុញ្ញាតឱ្យជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតក្រោម ការទទួលខុសត្រូវរបស់ខ្លួនឡើយ។
ឯកឧត្ដម បានបញ្ជាក់បន្ថែមថា បេីម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ













