ព័ត៌មានជាតិ

អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន៩ភូមិ នៅក្នុងក្រុងសំរោង

ខេត្តឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃបណ្ណសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ភូមិបុស្បូវ ភូមិក្រសាំង ភូមិអូរព្រាល ភូមិពងទឹក ភូមិភ្លង់ចាស់ ភូមិភ្លង់ថ្មី ភូមិប្រាសាទ ភូមិប្រាសាទភ្នំដី និងភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, លោកស្រីប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងសំរោង, លោក ផុន ចាន់និល អភិបាលក្រុងសំរោង, គណៈអភិបាលក្រុង, ក្រុមការងារការិយាល័យភូមិបាលក្រុង, មន្ត្រីជំនាញសុរិយោដី, តំណាងគ្រឹះស្ថានហិរញ្ញវត្ថុ, រដ្ឋបាលសង្កាត់បុស្បូវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំង ០៩ភូមិសរុបប្រមាណ ១,៥០០រូប។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍សំណេះសំណាល ផ្តាំផ្ញើនិងសម្តែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋសង្កាត់បុស្បូវទាំងអស់ ដោយបានសង្កត់ធ្ងន់ថា បណ្ណកម្មសិទ្ធិ (ប្លង់រឹង) ដែលបងប្អូនប្រជាពលរដ្ឋទទួលបាននៅថ្ងៃនេះ គឺជាឯកសារច្បាប់ដ៏មានតម្លៃមហាសាល ក្នុងការការពារសិទ្ធិស្របច្បាប់រឹងមាំលើដីធ្លី បញ្ចៀសទំនាស់ និងជាឧបករណ៍សេដ្ឋកិច្ចសម្រាប់ប្រើប្រាស់ជាទុនបង្វិលជាមួយស្ថាប័នហិរញ្ញវត្ថុ ដើមី្បពង្រីកមុខរបរ បង្កើនចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែធូរធារ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យបងប្អូនត្រូវថែរក្សាបណ្ណកម្មសិទ្ធិដីធ្លីនេះឱ្យបានល្អ ព្រមទាំងជំរុញឱ្យមន្ត្រីជំនាញសុរិយោដី និងរដ្ឋបាលក្រុង ត្រូវបន្តខិតខំជំរុញការងារចុះបញ្ជីដីធ្លីជូនពលរដ្ឋនៅបណ្តាសង្កាត់ផ្សេងៗទៀត ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

 

 

bvt

Leave a Reply

Your email address will not be published.