នៅរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមចំនួន៣ រួមមានសមាគមអ្នកលក់ឱសថកម្ពុជា, សមាគមសហព័ន្ធសុវត្ថិភាពម្ហូបអាហារកម្ពុជា, និងសមាគមសម្ព័ភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា។
កិច្ចពិភាក្សានេះបានធ្វើឡើងនៅ បន្ទប់ប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងថ្នាក់ដឹកនាំសមាគមទាំង០៣ ក្នុងគោលបំណងបន្តពិភាក្សាលម្អិតបន្ថែមលើការងារសំខាន់ចំនួន០២រួមមាន ទី១៖ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និត ដើម្បីឈានទៅចុះអនុស្សារណៈយោគយល់គ្នារវាងគ.ប.ផ.ក. និងសមាគមទាំង០៣ និងទី២៖ ពិភាក្សាលើការងារត្រៀមសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ នៅពេលខាងមុខនេះ៕















