ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បាន អញ្ជើញទទួលជួបប្រជុំពិភាក្សាការងារជាមួយ លោក សូ សេយ៉ាម៉ា ប្រធានក្រុមដឹកនាំបេសកកម្មនិងជាអ្នកជំនាញវិស័យសាធារណៈ នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងលោក លោកស្រីមន្ត្រីបច្ចេកទេសពាក់ព័ន្ធសរុបចំនួន ១៥នាក់។
កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាអំពីការរៀបចំរបាយការណ៍បិទបញ្ចប់កម្មវិធីនេះដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ដល់ការគាំទ្រណាមួយនៅពេលអនាគត ធនាគារអភិវឌ្ឍន៍អាស៊ីមានបំណងសិក្សា និងស្វែងយល់បន្ថែមអំពីតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយផ្ដោតលើតួនាទី ភារកិច្ច និងការសម្របសម្រួលរបស់អគ្គនាយកដ្ឋានរដ្ឋបាលជាមួយក្រសួង ស្ថាប័ន គាំទ្រដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធាន និងការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៖ វឌ្ឍនភាព និងបញ្ហប្រឈម។
ឯកឧត្ដមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានស្នើសុំធនាគារអភិវឌ្ឍន៍អាស៊ី បន្តជួយគាំទ្រដល់កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅប្រទេសកម្ពុជា ជាពិសេសការធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ លើចំណុចមួយចំនួន៖
១. ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រលើការសិក្សា និងរៀបចំនូវមជ្ឈមណ្ឌលផ្តល់សេវារដ្ឋបាល (Unified-public services mall) ដែលនឹងប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលគ្រប់វិស័យជូនប្រជាពលរដ្ឋ ដូចជា៖ ការសិក្សាអំពីទស្សទាននៃការរៀបចំមជ្ឈមណ្ឌលផ្តល់សេវារដ្ឋបាល ការរៀបចំគំរូប្លង់អគារ និងការកសាងសមត្ថភាពមន្រ្តី ។
២. គាំទ្រលើការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលនានា។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













