ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា មកទស្សនាកម្សាន្តនៅភ្នំសំពៅ

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងក្រុមគ្រួសារដែលបានមកទស្សនាកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅដែលជាគោលដៅទេសចរណ៍ដ៏ប្រណីតប្រចាំខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដែលសម្រេចបានកន្លងមក ជាពិសេសសួនច្បារថ្មីដែលទើបសាងសង់រួចរាល់ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យភ្ញៀវអង្គុយទស្សនាហ្វូងសត្វប្រចៀវ និងផែនការអភិវឌ្ឍបន្ថែមសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តសប្បាយឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើប្រណីតភាព ភាពទាក់ទាញ និងទេសភាពដ៏ស្រស់បំព្រងនៃរមណីយដ្ឋានភ្នំសំពៅ។

បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្តដែលបានអញ្ជើញមកទស្សនាកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅបានលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបងក្នុងការរៀបចំគោលដៅទេសចរណ៍មួយនេះបានកាន់តែស្រស់ស្អាតប្លែក និងមានភាពទាក់ទាញមកទស្សនាហើយចង់មកទស្សនាម្ដងទៀតដោយមិនជិនណាយ។

សូមជម្រាបថា ភ្នំសំពៅជាគោលដៅទេសចរណ៍ដ៏សំខាន់ និងជាបេះដូងទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងខេត្តបាត់ដំបងដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ។ភ្ញៀវទេសចរដែលមកលេងខេត្តបាត់ដំបងគឺកម្ររំលងទីតាំងនៃរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំសំពៅនេះណាស់ដោយសារតែនៅទីនេះគឺមានសក្តានុពលយ៉ាងទាក់ទាញដ៏សម្បូរបែប។

សូមបញ្ជាក់ថា ភ្នំសំពៅជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំភ្នំសំពៅស្រុកបាណន់មានចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ អ្វីដែលពិសេសនោះគឺទស្សនីយភាពហ្វូងសត្វប្រចៀវរាប់លានក្បាលដែលហោះចេញពីល្អាង។ ជារៀងរាល់ថ្ងៃនៅមុនពេលសូរិយារៀបអស្តង្គតគឺជាពេលវេលាដ៏ជាក់លាក់ដែលហ្វូងសត្វប្រចៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃនិងតម្រង់ជួរគ្នាចេញពីរូងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.