សៀមរាប ៖ នៅរសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំដកបទពិសោធន៍ការងារការពារពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែមេសា ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយបានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក-លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង ៦ផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាពេលកន្លងមក។
ក្នុងកិច្ចប្រជុំនោះផងដែរ ក៏បានលើកយកនូវបទពិសោធន៍ដើម្បីចែករំលែកការងារការពារ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយលោកស្នងការរង ប្រធានគោលដៅ លោកអធិការនគរបាលក្រុង-ស្រុក អំពីលទ្ធផងការងារ បញ្ហាប្រឈម និងដំណោះស្រាយផងដែរ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ក៏បានធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលនៃការអនុវត្តកិច្ចប្រតិបត្តិការ ប្រចាំខែមេសា ឆ្នាំ២០២៦ ដោយផ្តោតលើសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម និងចំណុចខ្វះខាត ដើម្បីដកស្រង់ជាបទពិសោធន៍ សម្រាប់ការកែលម្អ និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។
បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍លើកសរសើរពីលទ្ធផល ក្នុងការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបានផ្តល់នូវបទពិសោធន៍ល្អៗ រួមទាំងយុទ្ធសាស្រ្ត ដោយដាក់ចេញនូវទិសដៅការងារបន្ត ដោយផ្តោតលើការពង្រឹងវិធានការសន្តិសុខ ការរក្សាសណ្តាប់ធ្នាប់សាធារណៈ ការពារសុវត្ថិភាពសង្គម និងការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពខ្ពស់ជាបន្តទៀត។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្ដសៀមរាប














