ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិន បេីកកិច្ចប្រជុំសាមញ្ញលើកទី២៣ អណត្តិទី៤

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, លោក លោកស្រី គណៈអភិបាលខេត្ត, នាយក, នាយករងរដ្ឋបាលខេត្ត, នាយកទីចាត់ការ, លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្តនិងអាជ្ញាធរក្រុង/ ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមកមិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។

លោកជំទាវ បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និង កងកម្លាំងទាំង ៣ប្រភេទ ត្រូវបន្តសហការគ្នាចូលរួមរៀបចំតាមតួរនាទីភារកិច្ចប្រកបដោយការទទួលខុស ត្រូវខ្ពស់ក្នុងការរៀបចំសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦ ជាពិសេសត្រូវរួមគ្នា ធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាពនិងទីសាធារណៈ អោយមានសោភណភាព ហើយនៅគ្រប់វត្តអារាមនិងតំបន់ទេសចរណ៍ ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្ត ដូចជា៖ រមណីយដ្ឋានបេតិកភណ្ឌធម្មជាតិវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមនីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ, បរិវេណវិមានឯករាជ្យនិងផ្សារព្រំជាដើម។

លោកជំទាវ ក៏បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ជាពិសេស បានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើរ និងបាន កសាង សមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាងដែលជាការរួមចំណែកឱ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់ បញ្ហា នានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោល នយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាមមូលដ្ឋានប្រកប ដោយប្រសិទ្ធិភាពខ្ពស់និងបានធ្វើការអភិវឌ្ឍខេត្តឱ្យមានការរីកចំរើនជាបន្ត បន្ទាប់គួរជាទីមោទនជាក់ស្តែងការរៀបចំ សោភណភាពខេត្តយ៉ាងស្រស់ស្អាតគួរឱ្យទាក់ទាញ ដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តមានការស្ងើច សសើរ មិនដាច់ពីមាត់ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយក ចិត្ត ទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបំរើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.