ប៉ៃលិន៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូ ដែលដឹកនាំដោយ លោក ផាម តឹនហ្វា អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងជាប្រធានគណៈកម្មការណែនាំ ៥២៥ខេត្តនៃសាធារណរដ្ឋសង្គម និយមវៀត ណាម ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តប៉ៃលិន។
ក្នងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានសម្តែងនូវអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូខេត្តតៃនិញ នៃសាធារណរដ្ឋសង្គម និយមវៀតណាមដែលបានចំណាយពេលវេលាដ៏មានតម្លៃ នាំយកនូវសេចក្តីរាប់អាន និងពរជ័យដ៏មហាប្រសើរ មកកាន់ទឹកដីខេត្តប៉ៃលិន ហើយវត្តមានរបស់គណៈប្រតិភូ នាពេលនេះ មិនត្រឹមតែជាការផ្តល់កិត្តិយស ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ ពីចំណងមិត្តភាពដ៏រឹងមាំ រវាងកម្ពុជា និងវៀតណាម និយាយជារួម និងរវាងខេត្តប៉ៃលិន និងខេត្តតៃនិញនិយាយដោយឡែក។
លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការល្អ រវាងចំណងមេត្រីភាពខេត្តប៉ៃលិន កម្ពុជា និងខេត្តតៃនិញ វៀតណាម នេះគឺបានបង្ហាញអំពីសាមគ្គីភាពគ្នារវាងប្រទេសជិតខាង ដោយមិនមាន ការរើសអើង ពូជសាសន៍ ជនជាតិអ្វីឡើយ ជាពិសេសគឺការស្រឡាញ់រាប់អានគ្នាស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ស្របពេលដែលប្រទេសទាំង២ ជាប់ភូមិផងរបងជាមួយគ្នា មានទំនាក់ទំនងល្អ ទាំងផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងផ្សេងៗ។
ជាការឆ្លើយតប លោក ផាម តឹនហ្វា ប្រធានគណៈប្រតិភូខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសន្យាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងខេត្តទាំង២ និងខិតខំដោះស្រាយនូវរាល់សំណូមពររបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្តហើយនឹងនាំយកនូវរាល់សំណូមពរទាំងអស់នេះធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីរកលទ្ធភាព និងដំណោះស្រាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំង២ ឱ្យបានកាន់តែល្អប្រសើរឡើង ពីព្រោះទំនាក់ទំនងវៀតណាម និងកម្ពុជា គឺជាទ្រព្យសម្បត្តិ ដ៏មហិមាសម្រាប់ប្រទេសទាំងពីរ។
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន











