ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងលើករាសី ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង នាយការិយាល័យ និងមន្ត្រីនគរបាលទូទាំងស្នងការដ្ឋានយ៉ាងច្រើនកុះករ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានឱ្យដឹងថា ការរៀបចំពិធីនេះគឺធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង ថែរក្សាប្រពៃណី លើកកម្ពស់ទំនៀមទម្លាប់សាសនា និងវប្បធម៌ខ្មែរដ៏ថ្លៃថ្លា បង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ។ បួងសួងសុំសេចក្តីសុខក្នុងការចេញប្រតិបត្តិការការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។
ជាទីបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានឆ្លៀតឱកាសនេះ ជូនពរដល់កងកម្លាំងនគរបាលទាំងអស់ សូមឲ្យមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលចរាចរណ៍ និងការពារសន្តិសុខតាមបណ្តាវត្តអារាម និងរមណីយដ្ឋាននានាក្នុងខេត្តពោធិ៍សាត់ ដើម្បីឲ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលពោធិ៍សាត់















