ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញក្នុងកិច្ចប្រជុំចុះហត្ថលេខាលើអនុស្សរណៈ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អលើពហុវិស័យ ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ជាមួយខេត្តហ្សាឡាយ ប្រទេសវៀតណាម ដែលដឹកនាំដោយឯកឧត្តម ថៃ ដាយង៉ុក សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្ត វៀតណាម លេខាបក្សខេត្តហ្សាឡាយ ឯកឧត្តម ហ្វាម អាញ់ទ័ន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ ដែលពិធីនេះបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម លោកជំទាវ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីចុះហត្ថលេខា រវាងខេត្តស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ ជាមួយ ខេត្ត ហ្សាឡាយ ប្រទសវៀតណាម គឺដើម្បីបន្តថែរក្សាពង្រឹងពង្រីកចំណងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយចីរភាព ។
ឯកឧត្តម សរ សុពុត្រា បានថ្លែងថា៖ដំណើរការនៃការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ ឆ្នាំ២០២៦ ដ៏អស្ចារ្យ ដែលបានបង្ហាញនូវសក្តានុពល ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាពហុវិស័យ និងវប្បធម៌ប្រពៃណី សិល្បៈ ព្រមទាំងជីវភាពរស់នៅដ៏ផូរផង់របស់ប្រជាជនវៀតណាម និយាយជារួម និងដោយឡែក ប្រជាជនខេត្តហ្សាឡាយ។ការៀបចំដាក់ចេញនូវកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ សម្រាប់ដំណាក់កាល ឆ្នាំ២០២៦-២០៣០ នឹងបានរួមចំណែកលើកកម្ពស់ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យសំខាន់ៗជាច្រើនបន្ថែមទៀត រួមមានវិស័យ សេដ្ឋកិច្ច និងការវិនិយោគ ឧស្សាហកម្មនិងពាណិជ្ជកម្ម ដឹកជញ្ជូន កសិកម្មនិងធនធានទឹក វប្បធម៌ កីឡា និងទេសចរណ៍ អប់រំនិងបណ្តុះបណ្តាល សុខាភិបាល និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការគាំទ្រគម្រោងមិត្តភាព និងការលើកកម្ពស់សន្តិសុខ និងការងាររុករក ជីកគាស់លើកដាក់អដ្ឋិធាតុ ស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ពិតណាស់រវាងខេត្តស្ទឹងត្រែង និងខេត្តហ្សាឡាយ ក្នុងរយៈពេលកន្លងមកនេះ បានខិតខំរួមគ្នាពង្រឹងពង្រីកទំនាក់ទំនងគ្នា ជាប់ជាប្រចាំ មានសហប្រតិបត្តិការល្អ និងបានជ្រោមជ្រែង គាំទ្រគ្នាទៅវិញទៅមក ទទួលបាន លទ្ធផលគួរជាទីមោទនៈ ពិសេសគឺការប្តេជ្ញាក្នុងការបន្តអនុវត្តផែនការដើម្បីស្រាវជ្រាវ ស្វែងរក ជីកគាស់ លើកដាក់ រៀបចំធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបាន ពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បន្តថ្លែងថា៖ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនក្នុងខេត្តស្ទឹងត្រែង ចងចាំជានិច្ចនូវគុណូបការៈ ដ៏ធំធេងរបស់វីរកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានជួយរំដោះជាតិមាតុភូមិ កម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោឃៅព្រៃផ្សៃ និងអមនុស្សធម៌ រហូតទទួលបានជ័យជម្នះ នៅថ្ងៃទី៧ មករា ១៩៧៩៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង














