ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានលើកឡើងថា មន្រ្តីនគរបាលរូបណារួមគំនិតឬមានការពាក់ព័ន្ធនឹងករណីScam Online មន្ត្រីរូបនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខវិន័យរបស់កងកម្លាំងនគរបាលជាតិ និងចំពោះមុខច្បាប់ជាធរមាន។
ការលើកឡើងនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួង លេខ១៦១សហវ.ប្រកអទច និងលេខ១៦២សហវ.ប្រកអទច របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងក្រសួងមហាផ្ទៃ ស្តីពីបែបបទនិងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ និងការ បែងចែកចំណូលចំពោះការផាកពិន័យ ក៏ដូចអនុសាសន៍ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិដោយមានលោក លោកស្រីស្នងការរង នាយ នាយរង ការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុកនិងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនេះ លោកស្នងការបានផ្សព្វផ្សាយលំអិតអំពីវិធានការរបស់កងកម្លាំងនគរបាលដែលត្រូវអនុវត្ត បន្ទាន់នោះគឺ៖
១-មន្រ្តីនគរបាលត្រូវរៀបចំផែនការលំអិតពីការធ្វើរដ្ឋបាលនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីកំណត់បានពីការស្នាក់នៅរបស់ជនបរទេសថាតើការស្នាក់នៅរបស់គាត់ត្រឹមត្រូវស្របតាមច្បាប់ដែរឬទេ? បើមិនស្របច្បាប់នោះត្រូវអនុវត្តតាមច្បាប់ដូចបានកំពុងអនុវត្តរាល់ថ្ងៃ។
២-ម្ចាស់ទីតាំងឬអ្នកគ្របគ្រងទីតាំងដែលផ្តល់ឱ្យពួកគេស្នាក់នៅត្រូវចូលរួមសហការជាមួយសមត្ថកិច្ចផ្តល់ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវ គ្មានការលាក់លៀម និងរាយការណ៍ជាប់ជាប្រចាំ។
៣-ត្រូវរៀបចំផែនការត្រួតពិនិត្យប្រព័ន្ធសន្តិសុខ CCTV ប្រព័ន្ធអន្តរាគមន៍ក្នុងករណីមានគ្រោះអគ្គិភ័យ ឬឧប្បត្តិហេតុផ្សេងៗ ពិនិត្យច្រកចេញ ចូល ធានាដល់សុវត្ថិភាពខ្ពស់ ស្របតាមនិយាមបច្ចេកទ្ទេស។
៤-កំណត់ការសហការរាយការណ៍ពីក្រុមសន្តិសុខនៅទីនោះដើម្បីផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល ក្នុងករណីមានមុខសញ្ញាសង័្សយ ឬ ហានិភ័យខាងសន្តិសុខ។
ក្រោយការផ្សព្វផ្សាយវិធានការខាង លើនេះជាមួយម្ចាស់ទីតាំងដែលទទួលខុសត្រូវក្នុងការស្នាក់នៅ របស់ជនបរទេសដែលមិនស្របច្បាប់ ហើយម្ចាស់ទីតាំង ឬ អ្នកទទួលខុសត្រូវនៅទីនោះនៅតែលាក់លៀម បំពានល្មើ សនឹងវិធានការនេះ នោះម្ចាស់ទីតាំង ឬ អ្នកទទួលខុសត្រូវនៅទីតាំងនោះ ត្រូវទទួលរងនូវការផាកពិន័យ ស្របតាមសេចក្តីប្រកាសអន្តរក្រសួងនេះជា ធរមាន។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង















